(ព្រៃវែង)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បន្ដបាននាំយកថវិកា ដែលទទួលបានពីការបរិច្ចាកពីសប្បុរសជនទៅ ផ្តល់ជូនគ្រួសារសព៥នាក់នៅខេត្តព្រៃវែង ដែលរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។

ក្នុងឱកាសនោះលោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តកែប កាលល្ងាចពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។

ថវិកាដែលត្រូវបានប្រគល់ជូន គ្រួសារសពទាំង៥នាក់ នោះរួមមាន មួយគ្រួសារសមាជិក៤នាក់ ស្លាប់ទាំងអស់ប្ដី ប្រពន្ធ និងកូន២នាក់ ត្រូវបែងចែកជាពីរចំណែកស្មើគ្នា គឺឪពុកបង្កើតខាងស្រី ១០ម៉ឺនដុល្លារ និងឪពុកបង្កើតខាងប្រុស១០ម៉ឺនដុល្លារ។ ដោយឡែកសពមួយទៀត នៅលីវ ត្រូវបានប្រគល់ជូនបងប្អូន៨នាក់ ជា៨ចំណែកស្មើរៗគ្នា។

គួរជម្រាបថា ករណីបាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕