(ភ្នំពេញ)៖ លោក នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ បានស្នើដល់ក្រុមហ៊ុនរដ្ឋរបស់ចិន គឺក្រុមហ៊ុន COFCO ឲ្យទទួលបញ្ជាទិញប្រភេទអង្ករពីកម្ពុជាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្រេច ឲ្យបាននូវគោលដៅនៃការនាំចេញអង្កររបស់កម្ពុជា។

ការស្នើសុំនេះធ្វើឡើងក្នុងឱកាសដែលលោក នង វាសនា ដឹកនាំសមាជិកក្រុមធុរកិច្ចមួយក្រុម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី លីវ យីង ប្រធានក្រុមហ៊ុនសាជីវកម្មម្ហូបអាហារ និងជាប្រធានផ្នែកអង្កររបស់សាជីវកម្ម COFCO នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ក្នុងឱកាសជំនួបនេះលោក នង វាសនា បានលើកយកការស្នើសុំ ដល់ក្រុមហ៊ុន COFCO ក៏ដូចជាលោកស្រី លីវ យីង ឲ្យបន្ដបញ្ជាទិញអង្ករបន្ថែមពីកម្ពុជាដូចជា៖ អង្ករក្រអូប, អង្ករផ្កាម្លិះ និងអង្ករជាច្រើនមុខទៀត។ លើពីនេះលោកបានស្នើសុំ លើការពង្រីកប្រភេទរបាយទំនិញអង្ករ ដើម្បីបង្កើនសក្ដានុពល ក្នុងការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន និងធ្វើយ៉ាងណារក្សាស្ថិរភាព ក្នុងការនាំចេញផងដែរ។

ដើម្បីឲ្យការនាំចេញអង្កររបស់កម្ពុជា កាន់តែមានភាពនឹងនរ លោក នង វាសនា ក៏បន្ថែមការស្នើសុំមួយទៀតគឺ ឲ្យភាគីចិនសិក្សាជម្រើសផ្សេងៗ ក្នុងការកំណត់ការបញ្ជាទិញ ដើម្បីរកជម្រើសឲ្យបានច្រើនមុខ ដើម្បីឲ្យភាគីកម្ពុជា និងភាគីចិនអាចចម្រេច កិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករ ឲ្យមានទំហំធំជាងមុនជារៀងរាល់ឆ្នាំ ដោយសិក្សាលើការបញ្ជាទិញរយៈពេលវែង, រយៈពេលមធ្យម និងខ្លី តាមប្រភេទរបាយទំនិញ។

លោក នង វាសនា ក៏បានសម្ដែងការអបអរសារទរ ដល់លោកស្រី លីវ យីង ដែលទទួលបានភារកិច្ចថ្មី ជាប្រធានផ្នែកអង្កររបស់សាជីវកម្ម COFCO និងថ្លែងអំណរគុណ ដែលក្រុមហ៊ុនបានជួយទិញអង្កររបស់កម្ពុជា នៅពេលកន្លងមក។ លើសពីនេះលោកក៏បាន ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការអបសារទរពីសំណាក់លោក សុខ ពុទ្ធិវុធ អតីតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជូនពរលោកស្រី លីវ យីង ទទួលបានជោគជ័យ ក្នុងការទទួលបានភារកិច្ចថ្មី និងជោគជ័យក្នុងការងារផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជាទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងបរិមាណ៦២ម៉ឺនតោននៅឆ្នាំ២០១៩។

ក្នុងនោះប្រទេសដែលនាំចេញ អង្កររបស់កម្ពុជាច្រើនជាងគេ គឺប្រទេសចិនក្នុងឆ្នាំ២០១៩ បាននាំចេញប្រមាណ ២៤៨,១០៥តោន កើនឡើងចំនួន៦២,៥៦៨តោន ស្មើ២៥.២០% បើធៀបនឹងបរិមាណនាំចេញដូចគ្នាឆ្នាំ២០១៨ មានចំនួនតែត្រឹមតែ១៨៥.៥៣៧តោន៕