(កំពង់ចាម)៖ សាឡង់ដឹកខ្សាច់មួយគ្រឿង បើកបរមិនប្រុងប្រយ័ត្នជ្រុលទៅបុកទូកប្រជានេសាទ បណ្ដាលឲ្យរងរបួសម្នាក់ និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តាមដងទន្លេស្ថិតក្នុងភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក កើតឡើងនៅចំណុចទន្លេមេគង្គត្រើយខាងកោះថ្មី ហើយក្រោយពីបង្កហេតុ អ្នកបើកបរសាឡង់ដឹកគ្រួសបានបើករត់ មកដល់ចំណុចឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប៉ុន្តែត្រូវបានកម្លាំងការិយាល័យចរាចរណ៍ផ្លូវទឹក ខេត្តកំពង់ចាម ឃាត់យកមករក្សាទុកនៅចំណតចរាចរណ៍ផ្លូវទឹក។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះសូទិន ធ្វើការស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកកើតឡើងរវាងសាឡង់ដឹកគ្រួស នឹងទូកនេសាទត្រី បានដឹងថា អ្នកបើកបរសាឡង់ឈ្មោះ វុធ ណារ៉ូត អាយុ១៦ឆ្នាំ នៅភូមិឫស្សីចារ ឃុំថ្មីគ្រែ ស្រុកចិត្របូរី ខេត្តក្រចេះ។

ដោយឡែក ជនរងគ្រោះជិះនៅលើទូកនេសាទមានគ្នា៣នាក់ ទី១៖ឈ្មោះ លី សេត អាយុ៣៥ឆ្នាំ (ប្ដី), ទី២៖ឈ្មោះ ម៉ាត សាគីរ៉ស អាយុ៣៥ឆ្នាំ (ប្រពន្ធ) និងទី៣៖ឈ្មោះ អា រីណាស់ ត្រូវជាកូនអាយុ៥ខែ។ អ្នកទាំងបី មានទីលំនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុអ្នកបើកបរសាឡង់ ខ្វះការប្រុងប្រយ័ត្នទើបបង្កគ្រោះថ្នាក់បែបនេះ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ ម៉ាត់ សាគីរ៉ស រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ចាម និងខូចខាតទូកនេសាទត្រី០១គ្រឿងកម្រិតស្រាល និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញ បានយកសាឡង់មករក្សាទុកនៅចំណតចរាចរណ៍ផ្លូវទឹក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕