(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ សមាជិកសភាកម្ពុជា ប្រចាំមណ្ឌលសៀមរាប បានទទួលគ្រឿងឥស្សរិយយស លំដាប់ព្រះអាទិត្យ (The Order of the Rising Sun. Gold Rays With Neck Ribbon ) ប្រទានដោយព្រះចៅអធិរាជជប៉ុន សម្រាប់សរទររដូវ (រដូវស្លឹកឈើជ្រុះ) ឆ្នាំ២០១៩ ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ នៃពិភពលោក ចំនួន ១៣៦រូប ។ ដែលរៀបចំប្រគល់ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ក្រុងសៀមរាប នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។

ពិធីប្រគល់និងទទួលនេះ ស្ថិតក្នុងអធិបតីភាពលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា, លោក ទៀ សីហា អភិបាលខេត្តសៀមរាប, និងខាងភាគីជប៉ុន គឺមានលោក កាស៊ូយូគិ ណាកាណិ (Kazuyuki Nakane) សមាជិកសភា និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា, លោក ណាអូគី មីតូរី (Naoki Mitori) កុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប, លោក យូស៊ូកិ កាណារិ (Yusuke Kannari) ប្រធានក្រុមហ៊ុន ហ្កិងហ្គី គ្រុប, រួមនិងវត្តមានរបស់លោក លោកស្រី ជាគណៈអភិបាលខេត្ត ប្រធាន/សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល និង ប្រធានក្រុមប្រឹក្សាក្រុង/ស្រុក ប្រធានមន្ទីរជុំវិញខេត្ត អាជីវករភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជា ២០០នាក់ ។ ដែលបានរៀបចំនៅសណ្ឋាគារ សូហ្វីតែល ក្រុងសៀមរាប ។

ខាងស្ថានទូតជប៉ុន សម្តែងនូវការអបអរសាទរ និងរៀបចំពិធីប្រគល់ គ្រឿងឥស្សរិយយសលំដាប់ព្រះអាទិត្យ (The Order of the Rising Sun, Gold Rays With Neck Ribbon) សម្រាប់សរទរដូវឆ្នាំ២០១៩ ចំពោះអ្នកឧកញ៉ា សៀង ណាំ សមាជិកសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំមណ្ឌលសៀមរាប ។

គ្រឿងឥស្សរិយយសនេះ គឺបានទទួលស្គាល់ថា ៖ ឧកញ៉ា សៀង ណាំ បានបំពេញបេសកកម្មរបស់ខ្លួន ចូលរួមវិភាគទានយ៉ាងសំខាន់ និងធំធេងបំផុត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាព រវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីថ្លែងសន្ទរកថារបស់ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហាញអំពីសកម្មភាពនិងស្នាដៃរបស់ អ្នកឧកញ៉ា សៀង ណាំ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា ។ លោក បានវាយតម្លៃថា អ្នកឧកញ៉ា សៀង ណាំ មានជំហរគាំទ្រនិងបង្កើតទំនាក់ទំនងល្អបំផុតជាមួយសភា រដ្ឋាភិបាល វិនិយោគិន ប្រជាជនជប៉ុន និងសប្បុរសជនជប៉ុន ។

អ្នកឧកញ៉ា សៀង ណាំ បានបង្ហាញនូវសេចក្ដីរំភើប ដឹងគុណយ៉ាងក្រៃលែង ចំពោះ ព្រះហឬទ័យប្រោសប្រទាននៃព្រះចៅអធិរាជជប៉ុន ។ នៅក្នុងចំណាប់អារម្មណ៍របស់អ្នកឧកញ៉ា បានវាយតម្លៃថា ៖ នេះគឺជាមហាកិត្តិយសដ៏ថ្លៃថ្លាបំផុត ដែលមិនត្រឹមតែសម្រាប់អ្នកឧកញ៉ាផ្ទាល់ និងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាការផ្តល់កត្តិយសជូនដល់ប្រជារាស្រ្តកម្ពុជាទាំងមូល ជាពិសេសសម្រាប់សភាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។

អ្នកឧកញ៉ា បានជូនពរសូមឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរ (កម្ពុជា-ជប៉ុន) កាន់តែរឹងមាំ រីកចម្រើន និងស្ថិតស្ថេរយូរអង្វែង តទៅ ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ៖ ក្នុងបរិយាកាសនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-ជប៉ុន ចាប់តាំងពីឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ននេះ ដោយបានឆ្លងកាត់តំណាក់កាលទាំងការលំបាក និងសន្តិភាព ។ យ៉ាងណាក៏ដោយ អ្វីដែលបានកត់សម្គាល់ គឺរដ្ឋាភិបាលនៃប្រទេសទាំង២ បានបន្តថែរក្សាទំនាក់ទំនងល្អជាមួយគ្នា រហូតមកដល់ឆ្នាំ២០២០នេះ ទំនាក់ទំនងផ្លូវការ បានឈានចូលដល់កម្រឹតដៃគូ ជាយុទ្ធសាស្រ្ត ហើយដែលការវិវត្តចុងក្រោយនេះ គឺមិនអាចកាត់ផ្តាច់បានពីកត្តាទំនាក់ទំនងល្អ រវាងប្រមុខដឹកនាំនៃប្រទេសទាំង២ នោះឡើយ ។

លោកបន្តមានប្រសាសន៍ ថា៖ សមិទ្ធផលរបស់អ្នកឧកញ៉ា សៀង ណាំ ក្នុងថ្ងៃនេះ បានបង្ហាញអំពីភាពនៃគំរូល្អ និងជាភាពតំណាងនៃប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងតួនាទីជាអ្នកបម្រើជាតិ និងប្រជាជន ។

ស្ថានទូតជប៉ុន បានឲ្យដឹងថា៖ គ្រឿងឥស្សរិយយសលំដាប់ព្រះអាទិត្យ (The Order of the Rising Sun. Gold Rays With Neck Ribbon) សម្រាប់សរទរដូវឆ្នាំ២០១៩នេះ គឺត្រូវបានប្រគល់ជូនដល់ឥស្សរជនជាន់ខ្ពស់ ដែលជាប្រមុខរដ្ឋ អតីតប្រមុខរដ្ឋ រដ្ឋសភា ព្រឹទ្ធសភា មេទ័ព រដ្ឋមន្រ្តី អនុមន្ត្រី ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងវិស័យឯកជន សរុប ១៣៦នាក់ នៅលើពិភពលោក ។

ហើយបើយោងតាមឯកសារបង្ហាញថា៖ គ្រឿងឥស្សរិយយសលំដាប់ព្រះអាទិត្យ នៃប្រទេសជប៉ុន បង្កើតឡើងនៅក្នុងឆ្នាំ១៨៧៥ ដោយព្រះចៅអធិរាជ ម៉ីជិ (Meiji) ជប៉ុន ។ ដែលដំបូងឡើយ គឺជាគ្រឿងឥស្សរិយយសសម្រាប់តែឥស្សរជនជប៉ុនតែប៉ុណ្ណោះ ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលជប៉ុន ដោយអនុក្រិត្យនៃក្រុមប្រឹក្សារដ្ឋជប៉ុន នាថ្ងៃទី១០ ខែមេសា ឆ្នាំ១៨៧៥។ ចំណែកឯនិមិត្តសញ្ញា គឺមានលក្ខណៈពិសេសរបស់ពន្លឺកាំរស្មី នៃព្រះអាទិត្យរះ ប្រកបដោយថាមពល និងមានអនុភាពយ៉ាងខ្លាំងផងដែរ៕