(បាត់ដំបង)៖ សាកលវិទ្យាល័យបាត់ដំបង នៅព្រឹកថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំសន្និបាតបូកសរុប ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០។

សន្និបាត ដែលមានរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានលោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា និងសាស្ត្រាចារ្យ ចំនួន៨០រូប។ សន្និបាតនេះ មានគោលបំណង ពិនិត្យមើលសមិទ្ធិផលការងារ ដែលសាកលវិទ្យាល័យបាត់ដំបងសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០។

លោកស្រី សាកលវិទ្យាធិការ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្រ្តខេត្តបាត់ដំបង ដែលជាស្ថាបនិក និងបានផ្តួចផ្តើម ស្ថាបនាសាកលវិទ្យាល័យបាត់ដំបងនេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ ថ្នាក់ឧត្តមសិក្សានៅភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា។

លោកស្រី សៀង ឯមទទឹម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្ត និងអង្គភាពមន្ទីរនានា ក្នុងខេត្តទាំងអស់ ដែលបានផ្តល់ការអនុញ្ញាត និងជួយជ្រួមជ្រែងដល់និស្សិតទាំងអស់ ដែលធ្វើការប្រមូលទិន្នន័យស្រាវជ្រាវ។

លោកស្រីសាកលវិទ្យាធិការ បានជំរុញឲ្យបុគ្គលិកសាស្រ្តាចារ្យទាំងអស់ ត្រូវតែបន្តខិតខំ សាមគ្គីគ្នាសម្រេចការងារបន្ត ឲ្យកាន់តែមានប្រសិទ្ធភាពទៀត ក្នុងឆ្នាំបន្តបន្ទាប់ដើម្បីសម្រេចបាន នូវទស្សនវិស័យឧត្តមសិក្សា ក្នុងឆ្នាំ២០៣០ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី សៀង ឯមទទឹម បានឲ្យដឹងថា ពីឆ្នាំ២០១៥ ដល់២០១៩ សាកលវិទ្យាល័យបាត់ដំបង បានទទួលគម្រោងកសាងសមត្ថភាព (Erasmus+) ពីសហគមន៍អឺរ៉ុបចំនួន១៧ និងគម្រោងកែលម្អអប់រំឧត្តមសិក្សា ផ្តោតទៅលើផ្នែកវិទ្យាសាស្រ្ត ដែលផ្តល់ហិរញ្ញប្បទាន ដោយធនាគារពិភពលោក (World Bank) នូវទឹកប្រាក់ចំនួន៥លានដុល្លាអាមេរិក។

នៅក្នុងឆ្នាំ២០២០នេះ លោកស្រី បានទទួលយក និងអនុវត្តតាមអនុសាសន៍ របស់បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចំនួន៥ចំនុចសំខាន់ៗ ដែលសាកលវិទ្យាល័យបាត់ដំបង ត្រូវអនុវត្តដូចជា៖

១៖ ត្រូវមានកម្មវិធីសិក្សាច្បាស់លាស់ តាមមុខជំនាញស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ
២៖ ត្រូវមានឯកសាររៀន និងបង្រៀនគ្រប់គ្រាន់ នៅក្នុងបណ្ណាល័យ (Course Syllabus)
៣៖ ត្រូវមានគ្រូបង្រៀន បុគ្គលិកសិក្សាមានគុណវុឌ្ឍិខ្ពស់
៤៖ ត្រូវមានសម្ភារឧបទ្ទេស សម្ភារគាំទ្រ និងមន្ទីរពិសោធន៍គ្រប់គ្រាន់
៥៖ ត្រូវប្រើវិធីសាស្រ្តបង្រៀនបែបថ្មី (Digital Education, Smart Classrooms, ICT, Blended Learning, Active Learning, Problem Based Learning, Project Based Learning, Flipped Learning, Lab Based Learning)។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ សាកលវិទ្យាល័យបាត់ដំបង បានសម្រេចបាននូវការសម្ពោធជាផ្លូវការ នូវការដាក់ឲ្យដំណើរការ នូវវិទ្យាស្ថានខុងជឺ ដើម្បីផ្តល់ឱកាសដល់សិស្សនិស្សិត ទទួលបានការអប់រំជាភាសាចិន ការបង្រៀនភាសាចិន ផ្លាស់ប្តូរការសិក្សានៅប្រទេសចិនផងដែរ។

ក្នុងឆ្នាំ២០១៩នេះផងដែរ សាកលវិទ្យាល័យបាត់ដំបង បាននូវបើកការដ្ឋានសាងសង់ពហុកីឡាដ្ឋាន ហែលទឹកលើផ្ទៃដីទំហំ១១២ម៉ែត្រ គុណនឹង៦៥ម៉ែត្រ ដែលត្រូវចំណាយពេលសាងសង់២៤ខែ និងថវិកា ២លានដុល្លារ សម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាត្រៀម ខ្លួនធ្វើម្ចាស់ផ្ទះ។

អង្គសន្និបាតទាំងមូល ក៏បានទទួលយកនូវអនុសាសន៍កែលម្អការងារ ពីលោកស្រីសាកលវិទ្យាធិការ និងបានប្តេជ្ញាចិត្តធ្វើឲ្យ សម្រេចនូវផែនការដែលបានដាក់ចេញ ក្នុងឆ្នាំ២០២០នេះទៀត៕