(កណ្ដាល)៖ ជាកាដូសម្រាប់ឆ្នាំ២០២០ ជូនដល់កុមារតូចៗ សួនច្បារកំសាន្តសម្រាប់កុមារ លេងកំសាន្តឧបករណ៍នានា ជាច្រើនបែបនៅមាត់ទន្លេក្រុងតាខ្មៅ ដែលរៀបចំឡើងយ៉ាងស្រស់ស្អាត បានក្លាយជាការពិតហើយ ខណៈរដ្ឋបាលខេត្តបានសម្ភោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី១៣ ខែមករានេះ ក្រោមវត្តមានលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀត ។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងថា នេះគឺជាសមិទ្ធផលថ្មី សម្រាប់ប្រជាពលរដ្ឋក៏ដូចជាកុមារ នៅក្រុងតាខ្មៅ សម្រាប់ដើម ឆ្នាំ២០២០ ហើយក្រៅពីសួនកុមារនេះ រដ្ឋាបាលខេត្តកណ្ដាលនឹងគ្រោងសាងសង់បង្គន់អនាម័យបន្ថែមទៀត សម្រាប់កុមារ ដែលមកលេងកំសាន្តនៅសួនកុមារ នេះផងដែរ។

លោកអភិបាលខេត្តបានបន្តថា ក្រុងតាខ្មៅនាពេលបច្ចុប្បន្ន កំពុងជាប់ជាបេក្ខភាពក្នុងការប្រកួតប្រជែងទីក្រុងស្អាតអាស៊ាន លើកទី២ ដូចនេះ ហើយ ទើបក្រុងតាខ្មៅបានអភិវឌ្ឍន៍ និងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងលើគ្រប់វិស័យទៀតផងដែរ។ ក្រៅពីនេះលោកបានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន នៅតាមទីសាធារណៈទុកដាក់សំរាមឱ្យត្រូវ ដើម្បីធ្វើក្រុង តាខ្មៅក្លាយជាទីក្រុងដែលគ្មានសំរាម និងគ្មានថង់ប្លាស្ទិកនៅពាសវាលពាសកាលឡើយ។

លោកបណ្ឌិត ម៉ៅ ភិរុណ បានឱ្យដឹងថា ឧបករណ៍កុមារជាច្រើនប្រភេទនេះ ត្រូវបានរដ្ឋបាលខេត្តកណ្តាល អនុញ្ញាតឱ្យកុមារចូលលេងដោយសេរី ចាប់ពីថ្ងៃសម្ភោធដាក់ឱ្យប្រើប្រាស់នេះតទៅ ដោយមិនយកកំរ៉ៃអ្វីទាំងអស់។

លោកអភិបាលខេត្ត ក៏បានសើ្ន និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារឧបករណ៍លេងរបស់កុមារឱ្យបានល្អ ដើម្បីទុកឱ្យកុមារ បានមកលេងយូរអង្វែង និងត្រូវធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា៕