(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ «Wildlife Alliance» នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានរួមដំណើរលើឧទ្ធម្ភាគចក្រឆ្ពោះទៅកាន់ ឃុំអូរសោម ស្រុកវាលវែង ដើម្បីត្រួតពិនិត្យមើលជាក់ស្តែង ពីផលប៉ះពាល់នៃការស្ថាបនាផ្លូវជាតិលេខ១០ ដែលគ្រោងបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងសាងសង់ថ្មីនូវផ្លូវជាតិលេខ១០ «ពីអក្សរ T ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់» គ្រោងចំណាយថវិកាជាង ១៨០លានដុល្លារ ប្រើប្រាស់ប្រាក់កម្ចីហិរញ្ញប្បទាន ពីរាជរដ្ឋាភិបាលចិន។

ការបើកការដ្ឋានស្ថាបនាផ្លូវនេះ នឹងធ្វើកម្មវិធីរួមគ្នាជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តភ្ជាប់ពីផ្លូវជាតិលេខ៥ ពីចំណុចរមណីដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែន កម្ពុជា-ថៃ ដែលមានចម្ងាយជាង១៨៦គីឡូម៉េត្រ។

លោកទេសរដ្ឋមន្ត្រី បានបន្ដថា «គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង១៩៣គីឡូម៉ែត្រ ជាផ្លូវប្រភេទ DBST ដែលឲ្យប្រជាពលរដ្ឋមកពីខេត្តបាត់ដំបង និងបន្ទាយមានជ័យ ឬតាមបណ្តាខេត្តទិសពាយ័ព្យ អាចធ្វើដំណើរនិងដឹកទំនិញឆ្លងកាត់ទៅខេត្តជាប់ដែនសមុទ្របានយ៉ាងងាយស្រួល»

សូមបញ្ជាក់ថា បើទោះបីជាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងពីការសម្ពោធនឹងបើកការដ្ឋានជារួម នាពេលឆាប់ៗខាងមុខក៏ពិតមែន ក៏ប៉ុន្តែពេលវេលាកំណត់ជាក់ស្តែងនៅថ្ងៃណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ៕