(ភ្នំពេញ)៖ មកដល់ឆ្នាំ២០២០នេះ មានរយៈពេល៧០ឆ្នាំហើយ ដែលកម្ពុជា និងសហរដ្ឋអាមេរិក បានភ្ជាប់ទំនាក់ទំនងនឹងគ្នា។ ស្ថានទូតអាមេរិកនៅកម្ពុជា នៅសប្តាហ៍នេះ បានរៀបចំកម្មវិធីជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក ផាតទ្រីក មូហ្វី ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរថ្ងៃចំណងការទូតនេះយ៉ាងអធិកអធម ដោយមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីរាជការ មន្ត្រីទូត អ្នកវិនិយោគ និងអ្នកព័ត៌មានផងដែរ។ លោកឯកអគ្គរដ្ឋទូត ក៏បានរៀបចំកម្មវិធីជិះម៉ូតូកង់៣នៅក្នុងរាជធានីភ្នំពេញ។

ក្រៅពីនោះគេបានសង្កេតឃើញ លោកឯកអគ្គរដ្ឋទូត បានអញ្ជើញជួបរដ្ឋមន្ត្រីរបស់កម្ពុជា តាមក្រសួងស្ថាប័ននានា ដើម្បីបង្ហាញពីចេតនា និងការប្តេជ្ញាចិត្ត ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងក្រសួងស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសកម្មភាពទាំងនេះ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ហាក់បានព្យាយាមបង្ហាញនូវចេតនារបស់លោកថា អាមេរិកចង់បាននូវទំនាក់ទំនងល្អជាមួយកម្ពុជា ដែលជាសញ្ញាណល្អមួយសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។

បើទោះបីថា កាយវិការ និងសកម្មភាពរបស់លោកទូតអាមេរិកបច្ចុប្បន្ន ហាក់បង្ហាញពីចេតនានាំមកនូវទំនាក់ទំនងល្អជាមួយកម្ពុជា។ តែបើគេក្រឡេកមើលទៅអតីតកាលក្នុងរយៈពេល៧០ឆ្នាំនេះ ទំនាក់ទំនងកម្ពុជា និងសហរដ្ឋមន្ត្រីមានភាពល្វីងជូរចត់ ជាងភាពផ្អែមល្ហែម។

សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូត ជាលើកដំបូង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath ឲ្យធ្វើជាតំណាងវិសាមញ្ញ និងពេញសមត្ថភាព។ លោក Heath បានថ្វាយសារតាំងទៅព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។

ការិយាល័យតំណាងសហរដ្ឋអាមេរិក បានបើកនៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា។ សណ្ឋាគារឡឺរ៉ូយ៉ាល់ ដែលមានឈ្មោះល្បី គឺជាកន្លែងធ្វើការដំបូងរបស់ស្ថានទូតអាមេរិក រហូតដល់ការិយាល័យអគ្គរដ្ឋទូតមួយ និងបណ្ណាល័យផ្តល់សេវាព័ត៌មានសហរដ្ឋអាមេរិកមួយ ត្រូវបានបង្កើតឡើងនៅកន្លែងថ្មីមួយ។

ការិយាល័យតំណាងទូត ត្រូវបានដំឡើងឱ្យទៅជាស្ថានឯកអគ្គរដ្ឋទូត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២ ដោយនៅពេលនោះ លោក Heath បានក្លាយទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដំបូងគេប្រចាំនៅប្រទេសកម្ពុជា។ ក្រោយការភ្ជាប់ទំនាក់ទំនងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ គេបានមើលឃើញទំនាក់ទំនងកម្ពុជា និងអាមេរិក ហាក់មានភាពល្អប្រសើរច្រើន។

តែចូលដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ ចំណងទំនាក់ទំណងនេះ ហាក់មានភាពរង្គោះរង្គើ និងល្អក់កករច្រើន ហើយប្រទេសទាំងពីរបានឈានទៅផ្តាច់ទំនាក់ទំនង នឹងគ្នានៅឆ្នាំ១៩៦៥។ ការផ្តាច់នេះ ដោយសារតែអាមេរិក បានលូកដៃចូលជ្រៅក្នុងសង្រ្គាមវៀតណាម ហើយកម្ពុជាចោទអាមេរិកថា បានចូលលុកលុយ និងទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា។

ឯអាមេរិកវិញចោទកម្ពុជាថា ផ្តល់កំពង់ផែ និងឱ្យកងទ័ពកុម្មុយនីស្តវៀតណាម ដឹកនាំសម្ភារសឹកឆ្លងកាត់ទឹកដីកម្ពុជា។ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានស្តារឡើងវិញនៅឆ្នាំ១៩៦៩ ដោយអាមេរិក បានបើកស្ថានទូតខ្លួនឡើងវិញនៅភ្នំពេញ។ លុះចូលដល់ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ល្អច្រើនជាងមុន បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ដោយក្រុមលោកសេនាប្រមុខ លន់ ណុល។

ចូលដល់ឆ្នាំ១៩៧៥ ពេលដែលកម្ពុជា ត្រូវបានកាន់កាប់ដោយរបបខ្មែរក្រហមនោះ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក៏ត្រូវបានកាត់ផ្តាច់ទាំងស្រុងជាថ្មី។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រដ្ឋាភិបាលថ្មីមួយ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីវៀតណាម។ ជារដ្ឋាភិបាលដែលអាមេរិកមិនពេញចិត្ត និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថែមទៀត។

នៅឆ្នាំ១៩៩០ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកត្រូវស្តារឡើងវិញ ដោយអាមេរិកបញ្ឈប់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្តល់ជំនួយអភិវឌ្ឍដល់កម្ពុជា។ នៅពេលនោះហើយ ដែលទង់ជាតិអាមេរិក ត្រូវបានបង្ហូតឡើងជាថ្មីនៅភ្នំពេញ។

នៅឆ្នាំ១៩៩៧ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក៏បានធ្លាក់ចុះម្តងទៀត។ ស្ថានភាពនេះ គឺដោយសារមានការផ្ទុះគ្រាប់បែកលើក្រុមបាតុករដឹកនាំដោយលោក សម រង្ស៉ី និង ការប្រយុទ្ធគ្នាមួយរយៈពេលខ្លីរវាងកងទ័ពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងសម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទីមួយ និងទីពីរ។

ចូលដល់ចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១០ ទំនាក់ទំនងកម្ពុជា និងអាមេរិកមានភាពល្អប្រសើរឡើង។ អាមេរិក បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ហើយនៅឆ្នាំ២០០៦ អាមេរិក ក៏បានបើកសម្ពោធអគារស្ថានទូតថ្មីនៅរាជធានីភ្នំពេញ។ ចាប់តាំងពីពេលនោះ ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជាន់ខ្ពស់អាមេរិក បានទស្សនកិច្ចនៅកម្ពុជា គួរឱ្យកត់សម្គាល់។

នៅទសវត្សរ៍ចុងក្រោយនេះ កម្ពុជានិងអាមេរិក នៅតែបន្តមានទំនាក់ទំនងនឹងគ្នា តែមិនជាល្អប្រសើរប៉ុន្មានោះឡើយ ហើយក៏មិនអាក្រក់ពេកដូចពីអតីតកាលនោះដែរ។ អាមេរិក និងកម្ពុជាហាក់មើលមុខគ្នាមិនចំនៅក្នុងឆ្នាំ២០១៧ គឺពេលដែលមានចាប់ខ្លួនលោក កឹម សុខា និងការរំលាយអតីតបក្សប្រឆាំង។ អាមេរិកចោទកម្ពុជាថា រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយអាមេរិកបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងសេដ្ឋីកម្ពុជាមួយចំនួនមិនឱ្យចូលទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិជាដើម។

ឆ្លើយតបនឹងសកម្មភាពរបស់អាមេរិកនេះ កម្ពុជាបានតបទៅវិញដោយខ្លាំងៗថា «អ្វីដែលកម្ពុជាធ្វើជាកិច្ចការផ្ទៃក្នុង និងធ្វើតាមច្បាប់របស់កម្ពុជា»។ បើទោះបីជាយ៉ាងណា ទំនាក់ទំនងកម្ពុជា ហាក់បានល្អប្រសើរឡើងបន្តិច បន្ទាប់ពីលោក ផាតទ្រីក មូហ្វី បានចូលគ្រប់គ្រងតំណែងឯកអគ្គរដ្ឋទូតនៅកម្ពុជានៅចុងឆ្នាំ២០១៩ រហូតដល់មានការឆ្លងឆ្លើយលិខិតគ្នារវាងលោកប្រធានាធិបតអាមេរិក ដូណាល់ ត្រាំ និង សម្តេចតេជោ ហ៊ុន សែន បង្ហាញពីការបង្កើនទំនាក់ទំនងជាមួយគ្នាឱ្យល្អប្រសើរឡើងវិញ។

ក្នុងខួបលើកទី៧០ នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងកម្ពុជា លោកឯកអគ្គរដ្ឋទូតអាមេរិក បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងទទួលស្គាល់ថា ក្នុង២ទស្សវត្សន៍កន្លងមកនេះប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា អាមេរិក និងកម្ពុជា នឹងមានការបោះជំហានជាមួយគ្នាទៅមុខបន្តទៀត។

លោកឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងផងដែរថា ទំនាក់ទំនង អាមេរិក-កម្ពុជា ៧០ឆ្នាំមកនេះ វាមិនមែនសុទ្ធតែស្រួលនោះទេ វាក៏មានបញ្ហា ប៉ុន្ដែនឹងផ្ដោតអារម្មណ៍ លើវិស័យនៃកិច្ចសហប្រតិបត្ដិការ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្ដិការនេះឱ្យបានល្អ ហើយជួយប្រទេសកម្ពុជា ឱ្យមានភាពរីកចម្រើន។

លោក ផាតទ្រី មូហ្វី បានគូសបញ្ជាក់ថា អាមេរិក និងកម្ពុជា មានគ្រឹះនៃកិច្ចសហប្រតិបត្ដិការល្អ ដូច្នេះប្រទេសទាំងពីរ នឹងផ្ដោតទៅលើគ្រឹះនេះ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា មានការរីកចម្រើនទៅមុខទៀត។

សូមបញ្ជាក់ថា បើទោះបីជាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មិនសូវជាល្អប្រសើរក្នុងរយៈពេល៧០ឆ្នាំនេះ ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានការវិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់។ អាមេរិក គឺជាទីផ្សារដ៏ធំសម្រាប់ផលិតផលរបស់កម្ពុជា ជាពិសេសលើវិស័យវេយណភណ្ឌ សម្លៀកបំពាក់ ស្ពែកជើង កាបូបយួរតាមខ្លួន និងផលិតផលលើវិស័យកសិកម្មមួយចំនួនទៀត។ យោងតាមទិន្ន័យរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានកំណើនគួរឱ្យកត់សម្គាល់៖

* ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២,៣៦៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន២,១៣៦លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ២២៨លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ហាក់ថមថយបន្តិចមានទឹកប្រាក់២,៣២០លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជាអាមេរិកនៅតែបន្តកើនឡើង ដោយនាំចេញបាន២,១៤៧លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ១៧៣លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២,៦០៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន២,៤០៨លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ១៩៦លានដុល្លារប៉ុណ្ណោះ។

* ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់៣,៤៣៨លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន៣,០៥១លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ៣៨៦លានដុល្លារប៉ុណ្ណោះ។

* ឆមាសទី១ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានទឹកប្រាក់២,១៩៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញបាន ១,៨៩១លានដុល្លារអាមេរិក ខណៈអាមេរិកនាំចូលមកកម្ពុជាវិញមានតែ ៣០៤លានដុល្លារប៉ុណ្ណោះ។

នៅដើមឆ្នាំ២០១៨ រដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល៣ឆ្នាំបន្ដទៀត ដល់កម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕