(ភ្នំពេញ)៖ រហូតមកដល់ម៉ោងជាង៩យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ អគ្គិភ័យឆេះទីតាំងស្ដុកឈើមួយកន្លែង នៅម្ដុំវត្តសំរោងអណ្ដែត ស្ថិតក្នុងខណ្ឌសែនសុខ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ ប៉ុន្ដែកម្លាំងសមត្ថកិច្ចជំនាញអាចគ្រប់គ្រងបាន។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលនៅទីតាំងកើតហេតុ បានបញ្ជាក់ថា ករណីអគ្គិភ័យនេះកម្លាំងសមត្ថកិច្ចលំបាកក្នុងការបាញ់ឲ្យរលត់ទាំងស្រុង ដោយសារតែខាងក្នុងឃ្លាំងនេះមានស្ដុកឈើ។ បើទោះបីពេលនេះ គ្មានអណ្ដាតភ្លើងរីករាលដាលបន្ដទៀតក៏ពិតមែន ប៉ុន្ដែរងើកភ្លើងនៅតែបន្ដមាន។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះ កម្លាំងសមត្ថកិច្ចបន្ដបាញ់ទឹកទៅទីតាំងឆេះដដែល ដើម្បីឲ្យរលត់ទាំងស្រុង ខណៈឡានទឹកជាច្រើនគ្រឿងកំពុងប្រចាំការនៅកន្លែងកើតហេតុ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានអំពីទំហំ នៃការខូចខាត ឬមូលហេតុនៅឡើយទេ។ សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ អង្គភាពព័ត៌មាន Fresh News នឹងធ្វើការផ្សាយជូនជាបន្ដបន្ទាប់៕