(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋដែលមានមុខរបររកស៊ីលក់ឆ្អើរត្រីមានការត្អូញត្អែរថា ឆ្នាំនេះត្រីមិនសូវសម្បូរដូចឆ្នាំមុនៗ សម្រាប់ពួកគាត់ទិញយកមកឆ្អើរទេ ហើយក៏មានតម្លៃថ្លៃទៀតផង។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ដែលមានមុខរបររកស៊ីឆ្អើរត្រី បានឲ្យដឹងថា ត្រីអំពិលទុំស្រស់ ដែលគាត់បានទិញយកមកឆ្អើរក្នុង ១គីឡូក្រាម ថ្លៃ៦០០០រៀល, ឈ្នួលដោតត្រី ១០០ចង្កាក់ ថ្លៃ ៥០០០រៀល, ថ្លៃអុសសម្រាប់ដុត ១ម៉ែត្រ ២០០០០រៀល, នៅពេលលក់ត្រីចេញ ១ចង្កាក់ ថ្លៃ ៣០០០រៀល ក្នុងនោះត្រីស្លឹកឬស្សី ១ចង្កាក់ ១៥០០រៀល ត្រីចង្វាមូល ៣០០០រៀល ត្រីរៀល ១ចង្កាក់ ៤០០០ រៀល។

ពួកគាត់ថា តម្លៃខាងលើនេះ គឺបានចំណេញតិចណាស់ សម្រាប់ពួកគាត់ដែលមានមុខរបរឆ្អើរត្រីនេះ ហើយឆ្នាំនេះក្សត់ត្រីដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការប្រកបមុខរបរមួយនេះ ដែលគាត់ធ្លាប់រកស៊ីជាច្រើនឆ្នាំមកហើយនោះ។

ជុំវិញករណីដែលប្រជាពលរដ្ឋត្អូចត្អែរថា ឆ្នាំនេះមិនសូវសម្បូរត្រីនោះ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា មូលហេតុដែលត្រីឆ្នាំនេះមិនសូវសម្បូរនោះបណ្ដាលមកពីមូលហេតុមួយចំនួន៖

*ទី១ ៖ គ្រោះធម្មជាតិ ព្រោះឆ្នាំមុនៗ ទឹកឡើងតាំងពីខែមិថុនា ឬខែកក្កដា មកម្ល៉េះ
*ទី២ ៖ នៅឆ្នាំនេះទឹកឡើងត្រឹមខែកញ្ញា ហើយស្រកទៅវិញយ៉ាងរហ័សនៅខែតុលា
*ទី៣ ៖ មួយទៀតគឺបណ្ដាលមកពីវារីអគ្គិសនីនៅប្រទេសចិន និងប្រទេសឡាវ ដែលធ្វើឲ្យពូជត្រីសមិនសូវមាន គឺមានតែត្រីផ្ទក់ ត្រីអណ្ដែង ឬត្រីក្រាញ់
*ទី៤ ៖ កត្តាមនុស្សដែលចេះតែមានកំណើនកើនឡើង កត្តាទាំងនេះហើយ ដែលធ្វើឲ្យត្រីឆ្នាំនេះមានអត្រាថយចុះប្លែកខុសពីឆ្នាំមុនៗនោះ។

តែយ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរថា ចំណែកពូជត្រីក៏មិនបានបាត់បង់ទៅណានោះដែរ ព្រោះបច្ចុប្បន្នត្រីតូចធំគ្រប់ប្រភេទ គឺនៅលើអាងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងឯណោះ ហើយឆ្នាំនេះផងដែរ អ្នកនេសាទត្រីនៅបឹងទន្លេសាបនេះ បាននាំគ្នាទៅធ្វើការនេសាទនៅឯខេត្តស្ទឹងត្រែងវិញជាបណ្តើៗហើយដែរ៕