(បាត់ដំបង)៖ ក្រុមហ៊ុនបៃតង (កម្ពុជា) ភីអិលស៊ី ដែលមានលោកឧកញ៉ា ភួ ពុយ ជាប្រធានក្រុមហ៊ុន ជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករ នាំចេញច្រើនជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ។
ក្រុមហ៊ុនបៃតង ដែលមានរោងចក្រទំនើប និងមានសមត្ថភាពផលិត ក្នុងបរិមាណធំស្ថិតក្នុងខេត្តបាត់ដំបង ដោយចាប់ផ្តើមផលិតកែច្នៃ និងនាំចេញអង្ករផ្គត់ផ្គង់ ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ២០១០មកទល់បច្ចុប្បន្ន។ បើគិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបាននាំចេញអង្ករ ទៅកាន់៣៤ប្រទេស នៅលើពិភពលោក ដោយទទួលបាននូវការគាំទ្រ និងទំនុកចិត្តខ្ពស់ ពីសំណាក់អតិថិជនជាដៃគូ។
ក្រុមហ៊ុនបៃតងកម្ពុជា ជាក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះជាក់លាក់ ក្នុងការផលិតអង្ករនាំចេញ មានគុណភាពខ្ពស់ និងបរិមាណធំ ដោយផ្អែកលើមូលដ្ឋានផលិត រួមមាន ឡសម្ងួត ឃ្លាំងស្តុក បណ្តាញម៉ាស៉ីនកិនស្រូវ ម៉ាស៉ីនកែច្នៃអង្ករ ដែលមានលក្ខណៈស្តង់ដារក្រុមហ៊ុនបៃតង មានសមត្ថភាពផលិតកម្មធំជាងគេ នៅកម្ពុជា។
ចាប់តាំងពីឆ្នាំ២០០៨មក ក្រុមហ៊ុនបានបង្កើតសហគមន៍កសិករ (សហគមន៍បៃតង) នៅតាមបណ្ដាភូមិ ឃុំ ស្រុកក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ តាមរយៈការបង្កើតសហគមន៍បៃតងនេះ សមាជិកសហគមន៍ទាំងអស់ ដែលជាប្រជាកសិករមូលដ្ឋាន មានការពេញចិត្ត និងគាំទ្រជាខ្លាំង ដែលក្រុមហ៊ុនបៃតងរបស់លោកឧកញ៉ា ភួ ពុយ បានជួយដោះស្រាយលើបញ្ហាសំខាន់ៗ ជាច្រើន ពិសេសបញ្ហាទីផ្សារ និងតម្លៃ។
ក្នុងរយៈកាលកន្លងមកនេះ ក្រុមហ៊ុនបៃតង បានបង្កើតនូវទីផ្សារប្រមូលទិញពី សមាជិកសហគមន៍មូលដ្ឋាន រក្សាបាននូវលំនឹងនៃតម្រូវការទីផ្សារស្រូវ ក៏ដូចជាតម្លៃល្អសមរម្យ សម្រាប់ប្រជាកសិករទទួលយកបាន។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុនបៃតងទទួលបាននូវពានរង្វាន់ «អ្នកផលិតស្រូវ-អង្ករ ឆ្នើមបំផុត» ហើយក្នុងឆ្នាំ២០១៨ដដែលនោះ ក្រុមហ៊ុនក៏ទទួលបានចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករនាំចេញច្រើនជាងគេ នៅកម្ពុជាផងដែរ៕