(កំពង់ឆ្នាំង)៖ ក្នុងភូមិសាស្រ្តស្រុកមួយចំនួន នាខេត្តកំពង់ឆ្នាំង មានប្រាសាទបុរាណ និងទីតាំងប្រវត្តិសាស្រ្តជាច្រើន បានបន្សល់ទុកតាំងពីបុព្វបុរសសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយ យល់ដឹងអំពីប្រវត្តិសាស្រ្ត របៀបនៃការរស់នៅ និងតថភាពសង្គមនាសម័យកាលនោះ។ ជាក់ស្ដែង នៅទឹកដីស្រុកជលគិរី មានប្រាង្គប្រាសាទប្រវត្តិសាស្រ្តមួយ ស្ថិតនៅលើកំពូលភ្នំគីរីវង្គត ដែលអ្នកស្រុកជលគីរី តែងតែហៅថា «ភ្នំស្ដេចស៊ីដោះ ឬភ្នំស្ដេចសោយដោះ»។ ភ្នំនេះស្ថិតនៅក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធនឹងប្រវត្តិរឿងរ៉ាវនៃភ្នំនេះ ជាមួយនិងអ្នកស្រុកជលគីរីវិញ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ លោកស្រី អ៊ឹង សុខឡា អនុប្រធានកាយារិយាល័យវប្បធម៌ស្រុកជលគីរី បានរៀបរាប់ឲ្យដឹងថា ទាំងពេលបច្ចុប្បន្ន និងអតីតកាល អ្នកស្រុកជលគីរីមិន សូវចូលចិត្តឡើងទៅលេងលើកំពូលភ្នំស្តេចស៊ីដោះនោះឡើយ ដោយសារតែមានរឿងជឿតៗគ្នាថា នៅលើកំពូលភ្នំនេះជាកន្លែង ឃាតកសម្លាប់មនុស្សស្រី ចៀរយកសាច់ដោះទៅថ្វាយស្តេចសោយ ធ្វើឲ្យកូនស្រីនៅក្នុងស្រុកជលគីរី បានស្លាប់អស់ជាច្រើននាក់ផងដែរ។

បន្ទាប់ពីមានរឿងនេះកើតឡើងស្តេចអង្គនោះ ក៏ត្រូវអ្នកស្រុកជលគីរី កែនគ្នាសំលាប់ចោលនៅទីនោះទៅ ហើយមកទល់បច្ចុប្បន្នអ្នកស្រុកជលគីរីហៅភ្នំនោះថា ជាភ្នំស្តេចស៊ីដោះ ដោយគេមិនហៅថា ភ្នំស្តេចសោយដោះនោះឡើយ ព្រោះគេស្អប់ស្តេចអង្គនោះ ដែលចូលចិត្តយកដោះមនុស្សស្រីធ្វើជាព្រះស្ងោយ្យ។ ហើយសព្វថ្ងៃមានលោកតាឈ្មោះ ហ៊ុន បូ អាយុ៨៣ឆ្នាំ គាត់បាន និងកំពុងកៀរគរសប្បុរសជនធ្វើជណ្តើរជាង ៥០០កាំ ដើម្បីឲ្យពុទ្ធបរិស័ទ្ធ និងអ្នកទេសចរណ៍បានឡើងទៅលេងលើកំពូលភ្នំនេះ ព្រោះថា នៅលើកំពូលភ្នំ មានរូងចំនួន២ និងមានប្រសាទបុរាណសាងសង់ពីឥដ្ឋបូរាណ និងថ្មភក់ផងដែរ។

លោកស្រី អ៊ឹង សុខឡា បានសង្ខេបពីប្រវត្តភ្នំនេះថា កាលដើមឡើយមានស្ដេចមួយអង្គព្រះនាម ព្រះពោធិសោម ព្រះអង្គមានព្រានព្រៃម្នាក់ឈ្មោះ (ស៊ីកា) រាល់ថ្ងៃ ស៊ីកា ដែលជាព្រានព្រៃរបស់ស្ដេចអង្គនេះ តែងតែទៅដើររកបរបាញ់សត្វ ដើម្បីយកមកធ្វើព្រះស្ងោយថ្វាយស្ដេចសោយ។ ថ្ងៃមួយ ស៊ីកា បានដើររកបបរបាញ់សត្វជាធម្មតា តែដោយរកបរបាញ់សត្វព្រៃមិនបាន ក៏ចេះតែដើរឆ្ងាយទៅៗក៏បានប្រទះ និងសពស្ត្រីម្នាក់ត្រូវបានសត្វសាហាវខាំនៅក្នុងព្រៃ ពេលនោះ ស៊ីកា ព្រានព្រៃនឹកក្នុងចិត្តថា ប្រសិនបើអញត្រឡប់ទៅវិញគ្មានសត្វព្រៃ ដើម្បីយកទៅធ្វើព្រះស្ងោយ្យ ថ្វាយស្ដេចសោយនោះទេ ខ្លួននឹងត្រូវមានទោសជាមិនខានឡើយ។

គិតដល់ត្រង់នេះព្រានព្រៃ ស៊ីកា ក៏បានសម្រេចចិត្តយកកន្សោម ដោះសពស្ត្រីម្នាក់នោះ ហើយយកទៅធ្វើព្រះស្ងោយ្យថ្វាយស្តេចស្ដាយ នាគ្រាហ៍នោះទៅ លុះស្ដេចបានសោយព្រះស្ងោយ្យ ដែលចម្អិនពីកន្សោមដោះរបស់សពស្ត្រីនោះរួចហើយ ស្ដេចអង្គនោះក៏បានហៅ ស៊ីកា ទៅសួរថា តើព្រានឯងបានសត្វអីយកមកធ្វើព្រះស្ងោយឲ្យយើងសោយ មានរសជាតិឆ្ងាញ់ខុសប្លែកពីសត្វដទៃម៉្លេះ ពេលនោះព្រានមិនហ៊ានឆ្លើយទូលស្ដេចអំពីការពិតឡើយ ដោយខ្លាចខ្លួនត្រូវបានស្ដេចយកទោស។

នៅពេលដែលព្រានព្រៃមិនបានទូលថ្វាយការពិតទៅស្ដេចនោះ ស្ដេចក៏បានបញ្ជាឲ្យឯកអាមាត្យយកព្រាននោះ ទៅសម្លាប់ចោល តែស្ដេចក៏បានគិតថា បើអញសម្លាប់ព្រាននេះចោល អញនឹងមិនបានដឹងថា សត្វនោះជាសត្វអ្វីនោះឡើយ ហើយក៏បានបញ្ជាឲ្យអាមាត្រយកព្រាននោះមកសួរម្តងទៀត។

ម្ដងនេះព្រានក៏បានសម្រេច ចិត្តទូលថ្វាយការពិតដល់ស្ដេច ព្រះពោធិសោម នោះតាមដំណើររឿងឥតមានលាក់លៀមឡើយ ក្រោយពីស្ដេចនោះបានស្តាប់ព្រានរៀបរាប់ចប់ សព្វគ្រប់ហើយនោះ ស្ដេចអង្គនោះក៏បានបញ្ជាទៅព្រានព្រៃ ស៊ីកា ថាថ្ងៃក្រោយ បើឯងរកសត្វព្រៃមិនបានទេ ឯងត្រូវសម្លាប់ស្ត្រីកូនអ្នកស្រុក ដើម្បីជាយកកន្សោមដោះ មកធ្វើព្រះស្ងោយឱ្យយើងសោយ ឮទេ ព្រានក៏បានធ្វើតាមបញ្ជារបស់ស្ដេចព្រះពោធិសោមរហូតមក។

ថ្ងៃមួយដំណឹងនេះ ក៏បានលេចឮទៅដល់មន្ត្រីនាម៉ឺននៅក្នុងវាំង ហើយក្រុមមន្ត្រីទាំងនោះក៏បានជំនុំគ្នា ដើម្បីរកពិធីទៅទូលស្តេចផែនដីដែលគង់នៅអង្គរវត្ត ខេត្តសៀមរាប បន្ទាប់ទៅទូលថ្វាយស្ដេចផែនដី តាមដំណើររឿងរបស់សម្ដេចព្រះពោធិសោម រួចហើយ ស្ដេចផែនដីក៏បានបញ្ជាឲ្យអ្នកមុខនីម៉ឺនមន្ត្រី ធ្វើពិធីមួយដើម្បីយាង្គស្ដេច ព្រះពោធិសោម ទៅចូលរួមនៅក្នុងពិធីនោះ បន្ទាប់មកធ្វើគន្លឹះយន្ត សម្រាប់ទឹកគន្លឹះទម្លាក់ស្ដេចកូរសមឱ្យធ្លាក់ចូលក្នុងរណ្តៅ និងលើកថ្មធំៗ ទម្លាក់ពីលើកប់ស្តេចនោះនៅក្នុងរណ្ដៅនោះតែម្ដងទៅ។

ដោយឡែក លោកតាព្រឹទ្ធាចារ្យ ហ៊ុន បូ អាយុ៨៣ឆ្នាំ ជាអ្នកផ្តួចផ្តើមកសាងជណ្តើរឡើងភ្នំស្តេចស៊ីដោះ ឬភ្នំគីរីវង្គត បានរៀបរាប់ថា ចាប់តាំងពីពេលមានរឿងរ៉ាវនោះមក ប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកជលគីរី ក៏បាននាំគ្នាហៅភ្នំនោះថា ភ្នំស្ដេចស៊ីដោះ ដោយមិនប្រើពាក្យសោយឡើយ ហើយបានហៅតៗគ្នាតាំងពីពេលនោះមករហូតដល់សព្វថ្ងៃនេះ។ លោកតាបានបន្ថែមថា បច្ចុប្បន្នភ្នំនេះជាទីកន្លែងសក្ការៈ និងទេសចរណ៍មួយដ៏សំខាន់ផងដែរ ដែលនៅលើកំពូលភ្នំនោះមានប្រាង្គប្រាសាទធ្វើអំពីដីឥដ្ឋ ជំនាន់ក្រោយអង្គរ ដែលមានសភាពចាស់ទ្រុឌទ្រោមបាក់រលំស្ទើ ទាំងស្រុងទៅហើយ។