(ភ្នំពេញ)៖ ទីបំផុតនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ តុលាការបានប្រកាសសាលក្រមដោយផ្តន្ទាទោសស្ត្រីឈ្មោះស៊ិន សុផល អាយុ៣៥ឆ្នាំ ដែលសម្លាប់មិត្តភក្ភិកាត់រួចកាត់ជាបំណែកៗ កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលដាក់ពន្ធនាគារអស់មួយជីវិត និងសងនូវសំណងទឹកប្រាក់ចំនួន១២០លានរៀល។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះទោសឃាតករស្រីឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំ ក្នុងសំណុំរឿងករណី ឃាតកម្មគិតទុកមុន សម្លាប់មិត្តភក្ភិកាត់ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោល។

សវនាការនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លើឈ្មោះ ស៊ិន សុផល ភេទស្រីអាយុ ៣៥ ឆ្នាំនៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ដិនៅចំណុចនៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩។

នៅក្នុងអង្គសវនាការ ជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដិអំពើឃាតកម្មដូចការចោទប្រកាន់មែន។
បន្ទាប់ពីបញ្ចប់ការជំនុំជំម្រះនៃសវនាការនេះលោកប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចលើកពេលប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនស្ដ្រីដែលឃាតកសម្លាប់មិត្តភក្តិខ្លួនឯងកាត់ជាកំណាត់ៗ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និងកាត់សាកសពជាបំណែកៗ បោះចូលទន្លេ លើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

គួររំលឹកថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០៖៣០យប់ ជនរងគ្រោះ និងជនសង្ស័យត្រូវជាមិត្តភក្តិនឹងគ្នា បានផឹកស៊ីនៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ីជនរងគ្រោះ បានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ៨ឆ្នាំ ទៅដេកជាមួយ នៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក លុះដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០៖០០នាទីព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យយកមកឲ្យដល់ផ្ទះវិញ ហើយជនរងគ្រោះ ក៏បានទារលុយជនសង្ស័យ ដែលបានជំពាក់ចំនួន៧០០ដុល្លារ តែជនសង្ស័យប្រកែកសុំសងតែ៣៥០ដុល្លារប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបានគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនឹងប្រាប់ម្ចាស់បំណុលផ្សេងៗឲ្យស្គាល់ផ្ទះ ដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ យកដៃស្តាំច្របាច់កជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ទើបជនសង្ស័យយកក្រម៉ា រឹកមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេករហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក។

រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងងុយដេកក្នុងទឹកតែ ឲ្យប្តីដែលជាជនជាតិអាមេរិកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើង ទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាម និងនៅក្នុងទន្លេ។ រីឯគ្រឿងអលង្កា និងទូរស័ព្ទ បោះចោលក្នុងទន្លេ និងក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែកលុយរបស់ជនរងគ្រោះ (លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ៥០ដុល្លារ) ជនសង្ស័យរក្សាទុកនៅខ្លួន៕