(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០នេះ។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារថា «ក្នុងទិវាដ៏សោមនស្សរីករាយ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយដោយស្មោះអស់ពីដួងចិត្តគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង លោកជំទាវ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចជោគជ័យត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្ម ដើម្បីឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

ជាឥស្សរជនជាតិដ៏ឆ្នើមមួយរូប ក្នុងបុព្វហេតុដ៏ថ្លៃថ្លា ការពារខឿនឯករាជ្យជាតិ និង បូរណភាពទឹកដី សម្តេចចៅហ្វាវាំង ដែលជានិច្ចកាលយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពុះពារគ្រប់ឧបសគ្គ ប្រកបដោយឆន្ទៈ មនសិការ បំពេញបេសកកម្មយ៉ាងសកម្មរួមចំណែកធ្វើឲ្យប្រទេសជាតិមាន ឯកភាពជាតិ សុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ ជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ និងអភិបាលកិច្ចល្អ ជាពិសេស ការដឹកនាំក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការបុណ្យជាតិ-អន្តរជាតិ ទទួលបានជោគជ័យធំៗជាច្រើន ជាទីមោទកបំផុត ហើយក៏បានឆ្លៀតឱកាសយ៉ាងមមាញឹកខិតខំយកអស់កម្លាំងកាយ ចិត្ត ពេលវេលា ចូលរួមសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ នាំមកនូវកិត្តិនាម និងកិត្តិស័ព្ទ ជាសមាគមជាតិមានដំណើរការល្អ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ។

នាឱកាសដ៏មង្គលសួស្តីថ្លៃថ្លារីករាយនេះ ខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ ជូន សម្តេចចៅហ្វាវាំង និង លោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនសម្តេចចៅហ្វាវាំង គង់ សំអុល ៖