(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឱ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។ ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ រួមមានបញ្ហាជម្លោះដីធ្លី នៅតាមបណ្តាខេត្ត។

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរៀបចំសន្និបាតបូកសរុបការងាររបស់ខ្លួនក្នុងរយៈពេល១៦ខែកន្លងមកនេះ និងទិសដៅការងារឆ្នាំ២០២០។ ពិធីបើកសន្និបាត បានធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានការចូលរួមពីគណបក្សនយោបាយ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំង១៦។

ក្នុងរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១៦ខែមកនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេត្តជាង ៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានាដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ជិត ២០០ករណី។ ក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២។

ក្នុងរយៈពេលប្រមាណ១៦ខែនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំពិនិត្យទៅសេចក្តីព្រាងច្បាប់ផ្សេងៗចំនួន១២លើក និងបានរៀបចំកិច្ចប្រជុំធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សាផ្តល់ធាតុចូលជាមួយប្រតិភូក្រសួងនីមួយៗចំនួន១៣លើក។

ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានផ្តល់ថវិកាជាង ១លានដុល្លារដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រាប់ចំណាយលើសកម្មភាពរបស់ខ្លួន។ តែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចំណាយជិត ៨៧ម៉ឺនដុល្លារអាមេរិក នៅសល់ជាង ៤៥ម៉ឺនដុល្លារ៕