(កំពង់ចាម)៖ មន្រ្តីយោធាម្នាក់ភូមិភាគ២ បានបើករថយន្តឡើងពីកំពង់ចម្លងព្រែកពោធិ៍ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែរអិលថយក្រោយ បណ្តាលឲ្យបុក និងគៀបមនុស្សចំនួន ៥នាក់ រងរបួសធ្ងន់ ក្នុងនោះមានក្មេងតូចៗ ២នាក់ផងដែរ។ តាមព័ត៌មានផ្សេងទៀត បានឲ្យដឹងថា ករណីនេះបានកើតឡើងទំនងអ្នកបើករថយន្ត ច្រឡំដាក់លេខ ថយក្រោយរួចជាន់ហ្គែរខ្លាំង។

អធិការនគរបាលស្រុកស្រីសន្ធរ លោក សុខ យ៉េន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែធ្នូ នេះថា គ្រោះថ្នាក់នេះបង្កដោយរថយន្ដលុច្សស៊ីស RX-330 បើកដោយមន្រ្តីយោធាម្នាក់ នៅភូមិភាគ២ បានរអិលចុះពីកំពង់ដរព្រែកពោធិ៍ បណ្ដាលបុក និងគៀបមនុស្សរងរបួស ៥នាក់ ក្នុងនោះមានក្មេងតូច២នាក់ ព្រមទាំងម្ចាស់ទូកដរផងដែរ។

បើតាមលោកអធិការ សម្រាប់មន្រ្តីយោធារូបនេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយ និងបញ្ជូនសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តទៀត ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ព័ត៌មាននេះមកកាន់ការិយាល័យ Fresh News ថា អ្នកបើករថយន្តដែលជាទាហានផងនោះ បានបើកឡើងច្រាំងមិនរួច ក៏រអិលធ្លាក់មកវិញ ធ្វើឲ្យគាបជាប់មនុស្ស។ មន្រ្តីយោធារូបនេះទំនងពាក់ស័ក្តិ៣ផងនោះ បានឆ្លងទូកដរទៅឡើងផ្ទះនៅភូមិព្រែកដំបូក។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់ថា ជនរងគ្រោះដែលរងគ្រោះរួមមាន៖ អ្នកធ្វើដំណើរ និងតៃកុងទូកសរុបចំនួន ៥នាក់ ហើយមានក្មេងតូចៗ២នាក់ផងដែរ។ សម្រាប់អ្នកបើករថយន្ត ឈ្មោះ ទួន អាន អាយុ៤៨ឆ្នាំ នៅភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់រួមមាន៖

*ទី១ ៖ ឈ្មោះ ឈិន គឹមស្រ៊ាង ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិស្វាយកណ្ដាល ឃុំស្វាយខ្សាច់ភ្នំ
*ទី២ ៖ ឈ្មោះ ហួត លាងហុង ភេទប្រុស អាយុ២ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍
*ទី៣ ៖ ឈ្មោះ ហួត លាងហួរ ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍
*ទី៤ ៖ ឈ្មោះ សាំង រីម ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិតាគាត់ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
*ទី៥ ៖ ឈ្មោះ ចាន់ អេង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។ បច្ចុប្បន្នជនរងគ្រោះម្នាក់ កំពុងតែសម្រាកនៅមន្ទីរពេទ្យស្រុកស្រីសន្ធរ និង ៤នាក់ទៀតត្រូវបញ្ជូនទៅភ្នំពេញ៕