(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានថ្លែងថា ការប្រារព្ធទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍នៅថ្ងៃនេះ ដើម្បីរំលឹកដាស់អារម្មណ៍ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នការពារជំងឺអេដស៍ កុំឱ្យកើតមានដល់ខ្លួន និងក្រុមគ្រួសាររបស់បងប្អូន ក្នុងនោះដែរ អ្នកផ្ទុកមេរោគអេដស៍ សូមកុំមានការខ្មាសអៀន ហើយត្រូវមកទទួលសេវាព្យាបាល ដើម្បីពន្យារជីវិត និងសូមកុំឲ្យចម្លងជំងឺអេដស៍ដល់កូនចៅ និងអ្នកដទៃទៀត។

ដោយឡែក ចំពោះអ្នកដែលមិនទាន់កើតមេរោគអេដស៍ សូមស្មោះត្រង់នឹងប្ដីមួយប្រពន្ធមួយនឹងត្រូវចេះការពារខ្លួន ដោយប្រើស្រោមអនាម័យពេលរួមភេទជាមួយដៃគូផ្សេងទៀត។ លោក ឈួរ ច័ន្ទឌឿន បានថ្លែងបែបនេះនៅក្នុងទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍ នៅក្នុងសាលាស្រុកបរិបូណ៌ ដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកបរិបូណ៌ និងមន្ទីរជុំវិញខេត្តកំពង់ឆ្នាំង ដោយមានការចែកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ចំនួន ១១០នាក់ផងដែរ។

លោក ប្រាក់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍នៅក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន ៨៨៤នាក់ ដែលកំពុងទទួលសេវាព្យាបាលជំងឺអេដស៍ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ដោយឡែក ទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍នេះ គឺសាខាកាកបាទក្រហមខេត្ត បានប្រារព្ធធ្វើម្តងរួចមកហើយនៅក្នុងស្រុកសាមគ្គីមានជ័យសម្រាប់ថ្ងៃនេះ យើងបានធ្វើនៅស្រុកបរិបូណ៌នេះទៀត ដោយបានអញ្ជើញអ្នកផ្ទុកមេរោគអេដស៍ចំនួន ១១០នាក់ មកចូលរួម និងចែកអំណោយរបស់សាខាកាកបាទក្រហមខេត្តដល់ពួកគាត់ផងដែរ។

ដើម្បីជួយសម្រួលដល់ការខ្វះខាតដែលក្នុងម្នាក់ៗ ទទួលបានអង្ករ ៣០គីឡូមី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ (ឃីតមួយកញ្ចប់ )មានមុង ១ភួយ ១ក្រមា ១សារុង ១អាវយឺត ១ និងថវិកាចំនួន ២ម៉ឺនរៀល៕