(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គ្រោងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យកថវិកាប្រចាំឆ្នាំ២០១៩ ដែលនៅសល់ដើម្បីទៅទិញរថយន្តសម្រាប់បម្រើការងារបេសកកម្មចុះតាមមូលដ្ឋាន។ នេះបើតាមលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ថ្លែងក្នុងឱកាសសន្និបាតបូកសរុបការងារ ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឈឹម ផលវរុណ បានឲ្យដឹងថា ការងារទាំងអស់របស់់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ផ្សារភ្ជាប់នឹងថវិកាប្រចាំឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន ១,៣១៨,៩២៥ដុល្លារអាមេរិក។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០១៩នេះ ការចំណាយជាក់ស្តែងពិតប្រាកដចំនួន ៨៦៨,៩២៥ដុុល្លារអាមេរិក។ ដូច្នេះនៅសល់ ៤៥០,១៩៣ដុល្លារអាមេរិក»

លោកបន្តថា «ចំពោះថវិកានៅសល់នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានបំណងស្នើសុំជាគោលការណ៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ផ្តល់ការអនុញ្ញាតយកថវិកានេះ ទៅទិញរថយន្តសម្រាប់បម្រើការបេសកកម្មតាមមូលដ្ឋាន ព្រោះកន្លងមកការចុះបេសសកម្ម ទាំងប្រតិភូគណបក្ស ទាំងមន្ត្រីលេខាធិការដ្ឋាន ប្រើប្រាស់រថយន្តឯកជនផ្ទាល់ខ្លួន ដោយសារតែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពុំមានរថយន្ត»

លោក ឈឹម ផលវរុណ បានបន្ថែមថា សំណើសុំនេះ មិនប៉ះពាល់នឹងកញ្ចប់ថវិកាឆ្នាំ២០២០ទេ ហើយរថយន្តទាំងនោះ ត្រូវចុះបញ្ជីសារពើភ័ណ្ឌជាទ្រព្យសម្បត្តិរបស់រដ្ឋ៕