(ភ្នំពេញ)៖ បន្ទាប់ពីមានការបង្ហោះវីដេអូមួយនៅតាមបណ្តាញសង្គម Facebook ពាក់ព័ន្ធមនុស្សមួយក្រុមបានធ្វើសកម្មភាព ចាប់មនុស្សនៅមុខសាលាបឋមសិក្សាពញាក្រែក ក្នុងខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមើលឃើញពីសកម្មភាពចាប់មនុស្សយ៉ាងអានាធិបតេយ្យនោះ, នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកបំភ្លឺជុំវិញករណីនេះថា ជាការបង្ក្រាបបទល្មើសគ្រឿងញៀន ហើយជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបំភ្លឺករណីនេះទាំងស្រុងយ៉ាងដូច្នេះថា៖

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមធ្វើការបំភ្លឺជូនអ្នកសារព័ត៌មាន និងសាធារណជន ករណីកាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១៖៤០នាទី គឺជាករណីបង្រ្កាបបទល្មើសគ្រឿងញៀន មិនមែនជាករណីចាប់មនុស្សអនាធិតេយ្យ គំរាមគំហែងយកលុយ មិនមែនដូចការសន្និដ្ឋានរបស់ម្ចាស់អាខនហ្វេសបុក «អត់ខ្វល់ Don’t Care» បានលើកឡើងនោះទេ។

សូមបញ្ជាក់ជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ជ្រាបថា៖ កាលពីរាត្រីថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម ត្ថកិច្ចជំនាញការិយាល័យប្រឆាំងជំនួញគ្រឿងញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរ និងចែក ចាយគ្រឿងញៀនខុសច្បាប់ ដោយអនុវត្តវិធានញុះញង់ឲ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកចូលទៅទន្លេ (ច្រកចូលដើមជ្រៃ) ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដូចខាងក្រោម៖

នៅវេលាម៉ោងកើតហេតុខាងលើ (ថ្ងៃខែឆ្នាំដដែល) សមត្ថកិច្ចយើងបានឆ្មក់ចូលបង្រ្កាប ទីតាំងខាងលើស្របពេលនោះ ស្រាប់តែមានមុខសញ្ញាដែលជាជនសង័្សយចំនួនបីនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បានជិះចេញពីច្រកខាងលើ ក្នុងល្បឿនយ៉ាងលឿន កាត់ទទឹងផ្លូវជាតិលេខ៥ ឆ្ពោះទៅផ្លូវបេតុង ពេលនោះសមត្ថកិច្ចមួយចំនួនបានដេញតាមពីក្រោយ និងបានស្រែកហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើការសារសួរ ប៉ុន្តែជនសង័្សយ មិនបានឈប់ទេ ថែមទាំងបង្កើនល្បឿនជិះគេចខ្លួន សមត្ថកិច្ចបានព្យាយាមដេញតាមពី ក្រោយរហូតដល់ចំណុចមុខសាលាបឋមសិក្សាពញ្ញាក្រែក ក្នុងភូមិសាស្រ្តទឹកដីសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទើបសមត្ថកិច្ចឃាត់ម៉ូតូបាន ពេលនោះជនសង័្សយម្នាក់ ក្នុងចំណោមជនសង័្សយទាំង៣នាក់នោះ បានទម្លាក់កញ្ចប់បារីចោលនៅក្បែរជើងគេ (ជនសង័្សយ) ពេល នោះសមត្ថកិច្ចបានឃើញ និងរើសកញ្ចប់បារីនោះបើកមើលឃើញក្រាមពណ៌សថ្លា សង័្សយជាសារធាតុញៀនចំនួន០១កញ្ចប់ ពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតែម្តង ប៉ុន្តែជនសង័្សយទាំងនេះមិនព្រម សហការជាមួយសមត្ថកិច្ចយើងទេ ថែមទាំងវាយប្រតបតដៃជាមួយសមត្ថកិច្ច ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតទីនោះ ចេញមកចោមរោមគ្នាមើល និងអ្នកខ្លះ (ប្រជាពលរដ្ឋ) បានដកទូរស័ព្ទដៃយកមក ថតវីឌីអូ ធ្វើឲ្យជនសង័្សយបានចិត្ត ហើយស្រែកឲ្យប្រជាពលរដ្ឋជួយ ដោយមានគេចាប់ខ្លួន (ជនសង័្សយ) គំរាមគំហែងយកលុយ និងធ្វើស៊ីជាដើម។

ដោយមើលឃើញសភាពការណ៍ អាក្រក់បែបហ្នឹង ទើបសមត្ថកិច្ចបង្ខំចិត្តប្រើវិធាការណ៍ក្តៅ ចាប់លើកជនល្មើសដាក់លើម៉ូតូដឹកចេញពីកន្លែងកើតហេតុ ដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល និងរំខានដំណេករបស់បងប្អូនប្រជាពលរដ្ឋកាន់តែខ្លាំង។

សូមបញ្ជាក់ថា មុនពេលលើកជនសង័្សយដាក់លើម៉ូតូ ដើម្បីដឹកជម្លៀសចេញទៅរករថយន្ត ដែលកំពុងបត់ចូលទីកន្លែងកើតហេតុ ចម្ងាយប្រម៉ាណជាងមួយរយម៉ែត្រពីកន្លែងកើត ហេតុនោះ សមត្ថកិច្ចជំនាញម្នាក់បានដកកាំភ្លើងខ្លីចេញពីចង្កេះប្រគល់ទៅឲ្យសមត្ថកិច្ចម្នាក់ទៀតរក្សាទុក បង្ការកុំជនសង័្សយមានឱកាសលួចដកកាំភ្លើងពីចង្កេះរបស់សមត្ថកិច្ច ពីព្រោះគេ (សមត្ថកិច្ច) ជាអ្នកដឹក ប៉ុន្តែជនសង័្សយទាំងបីនាក់នេះ មានចរិករឹងរូសមិនព្រម ឡើងជិះម៉ូតូរបស់សមត្ថកិច្ចទេ រហូតដល់រថយន្តមកដល់ ទើបសមត្ថកិច្ចយើងរុញចូលរថយន្តឲតែម្តង។ ប៉ុន្តែសូមបញ្ជាក់ថា សមត្ថកិច្ចមិនមានប្រើប្រាស់ដាវ ដូចការនិយាយ និងធ្វើអត្ថាធិប្បាយ ក្នុងវីឌីអូឡាយរបស់អាខនហ្វេសបុកខាងលើ ឬគំរាមគំហែងបាញ់នោះទេ គឺគ្រាន់តែសូមកុំឲ្យថត និងឡាយផ្ទាល់ប៉ុនហ្នឹង ពីព្រោះសមត្ថកិច្ចនៅបន្តនីតិវិធីស្រាវជ្រាវស៊ើបអង្កេត។

ចំណែកកាំភ្លើងដែលសមត្ថកិច្ចកាន់នូវដៃ គឺសមត្ថកិច្ចបង្ការក្នុងប្រការណាមួយក្រែងមានសភាពការណ៍ ដែលយើងមិនអាចទាយស្មានបានថា ជនល្មើសគ្មានអាវុធការពារខ្លួននោះទេ ណាមួយជាពេលយប់ទៀត តើយើងម៉េចនឹងដឹងថាជនល្មើស អាចមានគ្នាប៉ុន្មាននាក់ទៀត ដែលចាំការពារគ្នាគេនោះ ត្រង់ចំណុចនេះសូមបងប្អូន ក៏ដូចជាអ្នកសារព័ត៌មានមេត្តាយល់ផង ដូចកាលពីពេលថ្មីនេះ មានករណីជនល្មើសបាញ់តដៃជាមួយសមត្ថកិច្ច រហូតទៅដល់ប្រាំគ្រាប់ វាគឺជាឧទាហរណ៍ស្រាប់ហើយ។

បងប្អូនមានសិទ្ធិបញ្ចេញមតិយោបល់ និងថតវិឌីអូឡាយ ប៉ុន្តែសូមមេត្តា ប្រើសិទ្ធិនេះឲ្យល្អ ចំគោលដៅ និងមានដែនកំណត់ផង បើមិនអញ្ចឹងទេការប្រើសិទ្ធិទាំងនោះ វានឹងបង្ករការលំបាកកាន់តែខ្លាំងមកលើសមត្ថកិច្ចយើង ហើយវាបែរទៅជាផ្តល់ផល ចំណេញដល់ជនល្មើស ពីជនល្មើសមកជាជនរងគ្រោះទៅវិញ ចំណែកសមត្ថកិច្ចយើងបែរជាក្លាយខ្លួនទៅជាជនល្មើស និងធ្វើឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមតែប៉ុណ្ណោះ។

ចំណែកគោលដៅច្រកចូលទៅទន្លេវិញ សមត្ថកិច្ចបានឆ្មក់ចូល តែជនល្មើសគេត្រៀមជានិច្ចមានន័យថាគេ (ជនល្មើស) ធ្វើសកម្មភាព (ចែកចាយគ្រឿងញៀនខុសច្បាប់) យ៉ាង ប្រុងប្រយ័ត្ន គ្រាន់តែឃើញម៉ូតូសមត្ថកិច្ចយើងពួកគេ (ជនល្មើស) បានស្ទុះរត់ផ្លោះរបងហក់ចូលក្នុងទឹកទន្លេបាត់ ដោយសារភូមិសាស្រ្តស្មុគស្មាញ និងច្រកតូចចង្អៀត ហើយថែមទាំងពេលយប់ទៀត ធ្វើឲ្យសមត្ថកិច្ចពិបាកតាមចាប់ខ្លួន ណាមួយសមត្ថកិច្ចក៏គិតគួរពីសន្តិសុខផ្ទាល់ខ្លួនផងដែរ។

សូមប្រជាពលរដ្ឋ មហាជនទូទៅ មេត្តាជ្រាប និងកុំមានការយល់ច្រឡំថា ជាជនស៊ីវិលក្លែងជាសមត្ថកិច្ចធ្វើសកម្មភាពចាប់គំរាម ទារលុយ ឬកៀបស៊ី និងសូមមេត្តាយោគយល់ដល់សមត្ថកិច្ចយើង ដែលលោកខិតខំបំពេញការងារ បំរើប្រជាពលរដ្ឋ និងមហាជនមិនថាយប់មិនថាថ្ងៃ ដើម្បីផ្តល់នូវសន្តិសុខ សណ្តាបធ្នាប់ ក៏ដូចជា ការពារសុវត្តិភាព ជូនប្រជាពលរដ្ឋ។

ហេតុដូចនេះ សូមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋយើង មេត្តាកុំប្រញាប់ធ្វើការ វិនិច្ឆ័យរឿងហេតុ តែទៅលើរូបភាពនៅទីកន្លែងកើតហេតុភ្លាមៗ ត្រូវយល់ថាការចាប់ មនុស្សពិសេសជនល្មើស គឺមិនមែនជាការងាយស្រួលនោះទេ គ្មានជនល្មើសណាដែលឈរនៅស្ងៀមឲ្យសមត្ថកិច្ចយើងចាប់ដាក់ខ្នោះនោះទេ ហើយក៏យើងមិនអាចទាយស្មានថា ជនល្មើសគ្មាន អាវុធតដៃនោះដែរ ដូច្នេះរាល់ពេលប្រតិបត្តិការសមត្ថកិច្ចត្រូវតែត្រៀមជាស្រេច ដើម្បីការពារខ្លួន ក៏ជាការតបតទៅនិងការប្រតិកម្មតបណាមួយ របស់ជនល្មើសដែរ។

ជាចុងក្រោយ មន្ទីរសំណូមពរដល់អ្នកសារព័ត៌មាន ក៏ជាបងប្អូនជនរួមជាតិទាំងអស់មេត្តាយល់អាធ្យាស្រ័យ និងសហការបង្ករលក្ខណៈងាយស្រួលដល់សមត្ថកិច្ច ដើម្បីបំពេញការ ងារបានទទួលជោគជ័យ កុំឲ្យជនល្មើសយកបងប្អូនសារព័ត៌មាន និងប្រជាពលរដ្ឋយើង ធ្វើជារនាំងការពារពួកគេ (ជនល្មើស) ពីការចាប់ខ្លួនរបស់សមត្ថកិច្ច និងទទូចសុំអង្វរបងប្អូន មេត្តាកុំ ប្រញាប់បង្ហោះ ឬផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនភ្លាមៗ ពេកពីព្រោះពេលខ្លះ ការបង្ហោះព័ត៌មានទាំងនោះអាចនឹងប៉ះពាល់ ដល់ការងារបន្តស្រាវជ្រាវស៊ើបអង្កេត ស្វែងរកចាប់ខ្លួនមេក្លោង និងបក្ខពួកដែលនៅសេសសល់ ធ្វើឲ្យមុខសញ្ញាទាំងនោះដឹងខ្លួន ហើយគេចខ្លួនបាត់ និងស្នើសុំបងប្អូនមេត្តាកុំធ្វើការអត្ថាធិប្បាយ តាមអារម្មណ៍ផ្ទាល់ខ្លួន និងសូមកុំសន្និដ្ឋានលឿនពេក បើការសនិ្នដ្ឋានរបស់យើងត្រូវមិនអីទេ តែបើខុសវិញ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់មុខមាត់ សេចក្តីថ្លៃថ្នូរបស់សមត្ថកិច្ច ហើយលើកទឹកចិត្តជនល្មើសឲ្យកាន់តែហ៊ាន ប្រព្រឹត្តបទល្មើសថែមទៀតនោះ។

បច្ចុប្បន្នជនសង័្សយទាំងបីនាក់ខាងលើ មន្ទីរកំពុងកសាងសំណុំរឿង និងវត្ថុតាងបញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមច្បាប់។

មន្ទីរប្រឆាំងគ្រឿងញៀន ពិតជាមានការអបអរសាទ និងរីករាយចំពោះរបងប្អូនអ្នកសារព័ត៌មាន និងមហាជន ទូទៅដែលលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបញ្ហាសន្តិសុខសង្គម សណ្តាប់ធ្នាប់របស់សង្គមយើង ដោយសារកន្លងមកក៏ធ្លាប់កើតមាននូវរឿងរ៉ាវក្លែងបន្លំ ជាសមត្ថកិច្ចពីសំណាក់ពួកឆ្លៀតឱកាសនិយម ដែលតាំងខ្លួនជាសមត្ថកិច្ចរបស់មន្ទីរយើង ធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋស្ងូត ត្រង់គំរាមគំហែង ជំរិតទារលុយជាដើម។ ល។ ក្នុងរឿងនេះ មន្ទីរយើងក៏កំពុងតែធ្វើតាមដាន ស្រាវជ្រាវស្វែងរកជនទាំងនោះ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ហើយសូមការចូលរួម និងសហការផ្តល់ព័ត៌មានពីបងប្អូនជនរួមជាតិទាំងអស់ ដើម្បីយើងមានវិធានការណ៍ជាក់ស្តែង។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមស្វាគមន៍រាល់ការផ្តល់មតិក្នុងន័យស្ថាបនា និងការរិះគន់ក្នុងន័យកែលំអរ ចំពោះការនិយាយបំភ្លើសមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំង ក្នុងន័យធ្វើឲ្យអាប់ឱនកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់កងកម្លាំងនគរបាលជាតិ យើងមិនអាចទទួលយកបានជាដាច់ខាត៕