(ភ្នំពេញ)៖ ក្រុមហ៊ុនហុងដា សាខាព្រែកអញ្ចាញ បានធ្វើពិធីបើកសម្ពោធយ៉ាងអធឹកអធម កាលពីថ្ងៃទី២១ ខែធ្នូ ២០១៩នេះ ដោយមានវត្តមានតំណាងថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនហុងដាសាខាផ្សេងៗ និងថ្នាក់ដឹកនាំប្រចាំអាស៊ីចូលរួមជាច្រើននាក់។ ក្នុងពិធីនេះ ក៏មានភ្ញៀវកិត្តិយសជាអតិថិជនចូលរួមទស្សនា Store Room យ៉ាងច្រើនកុះករផងដែរ។

លោកស្រី អ៊ី ចាន់ថា អគ្គនាយិកាក្រុមហ៊ុនហុងដា សាខាព្រែកអញ្ចាញ បានលើកឡើងថា នេះជាសាខាទី៣ហើយ ដែលលោកស្រីបានបើកសាខាហុងដា បន្ទាប់ពីសាខា២មុន ស្ថិតនៅជិតមន្ទីរពេទ្យកាល់ម៉ែត្រ និងនៅច្បារអំពៅ ទទួលបានជោគជ័យ។ មូលហេតុដែលលោកស្រីសម្រេចបោះទុន រាប់សែនបើកសាខាថ្មី នៅជិតផ្សារព្រែកអញ្ចាញ គឺដោយសារតែទីតាំងមួយនេះ មានសក្កានុពលខ្លងក្នុងការអភិវឌ្ឍន៍ ស្របគ្នាដែលផ្សារព្រែកអញ្ចាញ ក៏ជាផ្លូវឆ្លងកាត់ទៅកាន់ខេត្តសៀមរាប កំពង់ចាម និងកំពង់ធំជាដើម។
លោកស្រីបន្តថា ហេតុផលដែលគ្រប់ម៉ូដែលរបស់ក្រុមហ៊ុនហុងដា ជាពិសេសប្រភេទ Dream និងអូតូ មានប្រជាប្រិយភាពខ្លាំង ក្នុងការប្រើប្រាស់ពីមហាជន ក៏ជាមូលហេតុដែលធ្វើឲ្យលោកស្រី មិនស្ទាក់ស្ទើរក្នុងការបើកសម្ពោធសាខាថ្មី​។

នៅសាខាថ្មីស្ថិតនៅព្រែកអញ្ចាញ លោកស្រីបញ្ជាក់ថា ក្រៅពីមានសេវាលក់ម៉ូដែលគ្រប់ម៉ូដ ដោយបង់រំលោះជាមួយក្រុមហ៊ុន Finance ជាដៃគូ ក៏មានសេវាជួសជុល ប្ដូរគ្រឿងបន្លាស់ និងប្ដូរប្រេងម៉ាស៊ីន បញ្ចុះតម្លៃ១០ភាគរយ និងជាគ្រឿងបន្លាស់ ឬ​ផលិតផលសុទ្ធៗ ពីក្រុមហ៊ុនហុងដាផ្ទាល់​។ លោកស្រីជឿថា សាខាថ្មីនឹងទទួលបានការគាំទ្រ ដោយផ្អែកលើស្ថានភាពជីវភាពរបស់ពលរដ្ឋ នៅជុំវិញតំបន់ព្រែកអញ្ចាញមានការរីកចំរើន៕