(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានស្នើឱ្យគ្លីនិកឯកជនទាំងអស់ ត្រូវទទួលខុសត្រូវ ចំពោះអ្នកជំងឺតាំងពីដើមដល់ចប់ ដោយមិនត្រូវពេលអ្នកជំងឺសង្គ្រោះមិនបាន ទើបរុញទៅមន្ទីរពេទ្យរដ្ឋនោះទេ។

ការថ្លែងរបស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមសំណូមពរដូច្នេះ យើងមានមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ក៏ប៉ុន្តែសូមកុំដណ្តើមអ្នកជំងឺគ្នា ប៉ុន្តែបើមានការដណ្តើមអ្នកជំងឺគ្នា សូមឲ្យមានការទទួលខុសត្រូវពីដើមដល់ចប់ កុំឲ្យដល់ថ្នាក់សង្គ្រោះលែងបានហើយ បានចាប់ផ្តើមមន្ទីរពេទ្យឯកជនបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ដល់តែស្លាប់ៗឯមន្ទីរពេទ្យរដ្ឋ [...] មន្ទីរពេទ្យឯកជនដណ្តើមអ្នកជំងឺយកទៅមើល ដល់តែពេសង្គ្រោះលែងបាន ថាបញ្ជូនទៅមន្ទីរពេទ្យរដ្ឋបានរស់ ទៅដល់ស្លាប់នៅមន្ទីរពេទ្យរដ្ឋ ជេរ [គ្រួសារជំងឺជេរ] ហើយដែលធ្ងន់ធ្ងរជាងគេ គឺមន្ទីរពេទ្យកាល់ម៉ែត»

ចំពោះការងារនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល ធ្វើការជាមួយមន្ទីរពេទ្យឯកជន ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់ នៅពេលដែលទទួលអ្នកជំងឺ ត្រូវចាប់ផ្តើមព្យាបាល តាំងពីដើមរហូតដល់ចប់ ហើយបើដឹងខ្លួនថាមិនអាចទទួលបានទេ ត្រូវផ្តល់ឲ្យមន្ទីរពេទ្យរដ្ឋ កុំចាំដល់ពេលអ្នកជំងឺជិតដាច់ដង្ហើមហើយ ទើបបញ្ជូនឲ្យមន្ទីរពេទ្យរដ្ឋនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យឯកជនខ្លះខូច នៅពេលអ្នកជំងឺព្យាបាលទទួលបានប្រាក់ពីអ្នកជំងឺមួយចំនួនធំហើយ ដឹងថាខ្លួនគ្មានសមត្ថភាពជួយអ្នកជំងឺនោះបាន ខ្លាចអ្នកជំងឺស្លាប់នៅកន្លែងរបស់ខ្លួន ក៏បញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ដែលខ្លះស្លាប់តាមផ្លូវក៏មាន ដែលនេះជារឿងមិនគួរគប្បីទាល់តែសោះ។

ក្រៅពីការណែនាំឲ្យយកចិត្តទុកដាក់ លើការដណ្តើមអ្នកជំងឺគ្នារវាងមន្ទីរពេទ្យរដ្ឋ និងឯកជននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញក្រសួងសុខាភិបាល ត្រូវធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការប្រើប្រាស់ ឬចរាចរណ៍ឱសថក្លែងក្លាយ និងខូចគុណភាពក្នុងប្រទេសកម្ពុជា ព្រោះបញ្ហាឱសថនេះ គឺជារឿងដែលសំខាន់បំផុតសម្រាប់ជីវិតមនុស្ស។

ជាមួយគ្នានេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ គោរពនូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ក្នុងនោះមានទាំងការប្រើប្រាស់ឥរិយាបទ និងពាក្យសម្តី ចំពោះអ្នកជំងឺផងដែរ៕