(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈទាំងអស់ ដែលមិនទាន់បានសុំការអនុញ្ញាតពីក្រសួង សូមអញ្ជើញមកដាក់ពាក្យ ស្នើសុំការអនុញ្ញាតឲ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាព និងការគ្រប់គ្រងវិស័យប្រេងកាតឲ្យមានប្រសិទ្ធិភាព។ នេះបើតាមបញ្ជាក់របស់ លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោករដ្ឋលេខាធិការបានបន្តថា ក្រសួងរ៉ែ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងកសាង និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសមួយចំនួន ដើម្បីធានាសុវត្ថិភាព និងគ្រប់គ្រងវិស័យប្រេងកាត ឲ្យមានប្រសិទ្ធិភាព។ ក្នុងនោះច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការងារនេះ មានដូចខាងក្រោម៖

* ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
* សារាចរស្តីពីសុវត្ថិភាព សម្រាប់រៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ
* ប្រកាសស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាព បង្កើតស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដើម្បីជាមូលដ្នានគតិយុត្តក្នុងការគ្រប់គ្រង និងជាមូលដ្នានបច្ចេកទេសសុវត្ថិភាព សម្រាប់ការបង្កើតស្ថានីយថ្មី និងការកែសម្រួល សំណង់ស្ថានីយចាស់ ឲ្យមានសុវត្ថិភាព ក្នុងគោលដៅកាត់បន្ថយឧបទ្ទវហេតុគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។

លោកបន្តថា ក្រសួងរ៉ែ និងថាមពល បានពិនិត្យឃើញថា មានម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈមួយចំនួន នៅតាមបណ្តារាជធានី-ខេត្ត កំពុងធ្វើការសាងសង់ និងដំណើរការស្ថានីយប្រេង និងឧស្ម័នឥន្ធនៈរបស់ខ្លួន ដោយខុសបទដ្ឋានបច្ចេកទេស និងពុំបានស្នើសុំការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពលនៅឡើយ។ ដូច្នេះ ក្រសួងរ៉ែ និងថាមពល បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយទាំងនោះ ពីបទដ្នានសុវត្ថិភាពនីតិវិធីច្បាប់រួចហើយ។ ជាលទ្ធផល ក្រសួងរ៉ែ និងថាមពល សង្គេតឃើញថា មានម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈជាច្រើន ចាប់ផ្តើមមកដាក់ពាក្យស្នើសុំ ការអនុញ្ញាតជាបន្តបន្ទាប់ នៅតាមបណ្តាមន្ទីររ៉ែ និងថាមពល រាជធានីខេត្ត និងនៅក្រសួងរ៉ែ និងថាមពល។

លោកបន្តថា ជំហានបន្ត ក្រសួងរ៉ែ និងថាមពល តាមរយៈក្រុមការងារ ចុះត្រួតពិនិត្យ និងអធិការកិច្ចសកម្មភាព ក្នុងវិស័យប្រេងកាត នឹងចុះត្រួតពិនិត្យអនុលោមភាពតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេស ពាក់ព័ន្ធនានាជាធរមាន។ វិធានការច្បាប់ ទប់ស្កាត់សកម្មភាពខុសច្បាប់ និងបទល្មើសនានាក្នុងវិស័យប្រេងកាត និងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយមន្រី្តអធិការកិច្ចដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌។

ជាមួយគ្នានេះ លោក សុក ខាវ៉ាន់ ក៏សូមអំពាវនាវដល់ម្ចាស់ស្ថានីយ និងអាជីវករប្រេង និងឧស្ម័នឥន្ធនៈទាំងអស់ សហការអនុវត្តបទដ្ឋានបច្ចេកទេសសុវត្ថិភាព និងគោរពច្បាប់រួមគ្នា សំដៅរក្សាបាននូវនិរន្តភាព នៃអាជីវកម្ម របស់បងប្អូនអាជីវករ និងរក្សាបាននូវនិរន្តភាព នៃបែបផែនបច្ចេកទេសសុវត្ថិភាពទាំងអស់គ្នា ដើម្បីឲ្យមានសុដុមនីយកម្ម ក្នុងមុខរបរផង និងសង្គតិភាពនៃការអនុវត្តច្បាប់ និងសុវត្ថិភាពទាំងអស់គ្នាផង៕