(ភ្នំពេញ)៖ ក្រុមហ៊ុន ISUZU បានបង្ហាញមុខ​ អគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនរបស់ខ្លួន នៅក្នុងពិធីជប់លៀងនៅក្នុងបរិវេណ ដឺព្រីម មៀរ សែនសុខ កាលពីម្សិលមិញ​ នោះគឺកំពូលតារាចំរៀងលោក ព្រាប សុវត្ថិ​ ដែលលោកនឹងតំណាងឱ្យរថយន្ត Isuzu D-Max Blue Powe ដែលជាប្រភេទរថយន្ត ភីកអាប់ ដែលមានការច្នៃប្រឌិតថ្មី លំដាប់ថ្នាក់ពិភពលោក។

លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាងចែកចាយរថយន្ត Pickup និង SUV នៅប្រទេសកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការក្នុងឆ្នាំ២០១៦ ហើយក៏ចាប់ផ្ដើមទទួលបានការគាំទ្រច្រើនឡើងៗ ជាបន្តបន្ទាប់ពី សំណាក់អតិថិជនកម្ពុជា ហើយការលក់រថយន្តអ៊ីស៊ូហ្ស៊ុ ប្រភេទភីកអាប់ បានកើនឡើងជាបន្តបន្ទាប់ ដោយសារតែអតិថិជនមានទំនុកចិត្តលើដំណើរការរបស់រថយន្ត ភាពរឹងមាំនៃសាកស៊ីរថយន្ត សមត្ថភាពទប់លំនឹងនៅលើដងផ្លួវសន្សំសំចៃប្រេងខ្ពស់ រួមជាមួយនឹងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ក្រោយលក់ប្រកបដោយ ស្តង់ដារខ្ពស់ផងដែរ។

លោក Mori បានបន្ថែមទៀតថា មូលហេតុដែលក្រុមហ៊ុន អ៊ីស៊ូហ៊្សុ បានជ្រើសរើសកំពូលតារាចម្រៀងលោក ព្រាបសុវត្ថិ ដោយសារតែលោកមាន Lifestyle ត្រូវជាមួយ រថយន្ត Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់ ហើយលោកជឿជាក់យ៉ាងមុតមាំថា លោក ព្រាប សុវត្ថិ នឹងក្លាយជាអ្នកតំណាងរបស់លោក ក្នុងការប្រាស្រ័យ ទាក់ទងជាមួយក្រុមគ្រួសារអតិថិជន ISUZU ផងដែរ ហើយលោកពិតជាមានកិត្តិយសខ្លាំងបំផុត ដែលបានលោកធ្វើជាទូតសុឆន្ទៈដើម្បីឆ្លុះបញ្ចាំងពីរូបភាពល្អឥតខ្ចោះ នៃក្រុមហ៊ុន ISUZU និងបង្កើនចំណោះដឹងអំពីផលិតផលឲ្យកាន់តែល្អបន្ថែមទៀតថា ISUZU មិនត្រឹមតែកំលាំងម៉ាស៊ីនខ្លាំងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ទាន់សម័យផងដែរ។ ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ លោកព្រាបសុវត្ថិ ក៏នឹងចូលរួមសកម្មភាពជាច្រើនជាមួយក្រុមហ៊ុន អ៊ីស៊ូហ៊្សុ នៅឆ្នាំក្រោយៗផងដែរ។

លោក ព្រាប សុវត្ថិ ទូតសុឆន្ទៈរបស់រថយន្ត Isuzu D-Max Blue Power បានឱ្យដឹងថា លោកបានបើកបររថយន្ត Isuzu D-Max Blue Power ដែលជាសេរីថ្មី ចុងក្រោយបំផុត ​ជិត២ខែហើយ មុនពេលក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ជាផ្លូវការនេះ។ អ្វីដែលខ្ញុំចូលចិត្តបំផុតនោះគឺ ប្រសិទ្ធភាព​ប្រេងឥន្ធនៈ(4-5L/100km) និងផាសុកភាពក្នុងពេលបើកបរមិនថាកាលៈទេសៈផ្លូវបែបណានោះទេ ហើយលោកពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានធ្វើការជាមួយក្រុមហ៊ុន ISUZU ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅលើពិភពលោក ដែលបានចែករំលែកទាំងតម្លៃរបស់លោក។

លោក ព្រាប សុវត្ថិ បានបន្ថែមថា លោកបានបើកបររថយន្ត Isuzu D-Max Blue Power នៅតាមផ្លូវឡើងភ្នំ ផ្លូវពិតជាលំបាកខ្លាំងណាស់ប៉ុន្តែលោកនៅតែសប្បាយរីករាយ និងមានអារម្មណ៍ថា មានសុវត្ថិភាពខ្ពស់ជានិច្ច នៅពេលដែលលោកកំពុងបើកបររថយន្ត Isuzu D-Max Blue Power ដូចលោកអ្នកបានដឹងស្រាប់មកហើយថា ប្រព័ន្ធម៉ាស៊ីននេះពិតជាល្បីល្បាញ និងមានថាមពលខ្លាំងប្លែកពីគេ។

លោកបានបន្ថែមទៀតថា បើនិយាយពីលក្ខណៈផ្ទាល់ខ្លួនវិញ លោកត្រូវធ្វើដំណើរគ្រប់ពេលវេលាទាំងការងារនៅក្នុងក្រុង និងតាមខេត្តនិងទាំងដំណើរកំសាន្ត ដូច្នេះរថយន្តអ៊ីស៊ូហ្ស៊ុ បានឆ្លើយតបរាល់ទិដ្ឋភាពផ្ទាល់ខ្លួន និងតម្រូវការរបស់លោកទាំងអស់ ហើយមានទំនុកចិត្តថារថយន្ត Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មី ទាំងអស់ ពិតជានឹងធ្វើឱ្យលោកអ្នកចាប់អារម្មណ៍ណាស់។