(កំពង់ធំ)៖ ដោយមានការជួយជ្រោមជ្រែងពីព្រះគ្រូបញ្ញាទីពោ សំរិត ណាំង អនុគណស្រុកកំពង់ស្វាយ និងមានការចូលរួមគាំទ្រពីព្រះសង្ឃ គណៈកម្មការតាមបណ្ដាវត្តទាំង៣៨វត្ត មន្ត្រីរាជការជុំវិញស្រុក សប្បុរសជននានាគ្រប់ទិសទី អគារការិយាល័យធម្មការ និងសាសនាស្រុកកំពង់ស្វាយ ត្រូវបានកសាង និងត្រូវបានសម្ពោធជាផ្លូវការ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យ។

ពិធីសម្ពោធអគារការិយាល័យសាសនា និងធម្មការស្រុកនេះ ធ្វើឡើងនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិតីភាពលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា អគារការិយាល័យនេះមានបណ្ដោយ ១៧ម៉ែត្រ និងទទឹង ៧.៥០ម៉ែត្រ ចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ចប់សព្វគ្រប់នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ដែលចំណាយអស់ទឹកប្រាក់ ១៤៤លានរៀល។

នាឱកាសនោះ លោកស្រី ឃួន ឃុនឌី បានស្នើឲ្យប្រជាជនទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាពដែលរកបានដោយលំបាកនេះ ឲ្យបានស្ថិតស្ថិរគង់វង្សយូរអង្វែង ដោយមិនត្រូវចូលរួមសកម្មភាពជាមួយក្រុមជនក្បត់ជាតិ ក្រោមលេសស្តារប្រជាធិបតេយ្យនោះឡើយ។

ជាមួយគ្នានោះ លោកស្រី ឃួន ឃុនឌី បាននាំយកសម្ភារៈ និងថវិកាមួយចំនួន សម្រាប់ចូលរួមក្នុងការកសាងនៅការិយាល័យធម្មការ និងសាសនាស្រុកមួយចំនួនផងដែរ៕