(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហរមានតម្លាភាព និងប្រសិទ្ធភាពសម្រាប់ការវិនិយោគ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្របខណ្ឌច្បាប់ដែលបានចែងខាងលើ គឺជាការលើកទឹកចិត្តការវិនិយោគប្រកបដោយតម្លាភាព គ្មានការរើសអើង ហើយមានលក្ខណៈប្រកួតប្រជែងស្មើភាព ផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ វិនិយោគិននៅកម្ពុជា ដើម្បីបង្កើតនូវក្របខ័ណ្ណគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងលក្ខខណ្ឌ នៃការវិនិយោគជាមួយ នឹងផលប្រយោជន៍របស់ប្រទេសជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រាជដ្ឋាភិបាល បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ខគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណបានប្រកបដោយភាពអំណោយផល និងប្រសិទ្ធភាព សម្រាប់ការវិនិយោគការធ្វើទំនើបកម្ម និងការបង្កើនផលិតភាព ឧស្សាហកម្មក្នុងស្រុក ជាមួយនឹងការពង្រឹង ការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គងក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន និងការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នក៏ដូចជាបញ្ហាឆ្នាំកន្លងទៅ ការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅ អាទិភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ស្របតាមការកំណត់ នៃអនុក្រឹត្យស្តីពីការលើកទឹកចិត្ត ផ្នែកពន្ធដារ សម្រាប់សហគ្រាស ធុនតូច និងមធ្យម តាមរយៈការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់៥ឆ្នាំ។

លើសពីនេះ ការលើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងការលើកទឹកចិត្ត ចំណាយដែលអាចកាត់កងបានដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្ម ក្នុងស្រុករបស់កម្ពុជា លើវិស័យអាទិភាព រួមមានវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃមបអាហារ ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលវិស័យទាំងអស់នេះស្ថិតក្នុងតំបន់ប្រមូលផ្ដុំ នៃសហគ្រាសធុនតូច និងមធ្យម។

តាមរយៈព្រឹត្តិការណ៍ ពិព័ណ៍អន្តរជាតិថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ពាណិជករ សហគ្រិន វិនិយោគិន ធុរជន ទាំងក្នុង និងក្រៅប្រទេស នឹងបានយល់កាន់តែច្បាស់ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ហើយនឹងចាប់យកឱកាស ដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពនូវសម្បទាន ជាអាទិភាពទាំងឡាយ ដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ទាំងបច្ចុប្បន្ន និងអនាគត៕