(ពោធិ៍សាត់)៖ ដើម្បីកែលម្អសោភ័ណភាពក្រុងពោធិ៍សាត់ឲ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានចាត់ឲ្យក្រុមហ៊ុនវីសាន់ឌីវេឡុបម៉ិនអេឡិកទ្រីស៊ីធី សិក្សាស្រាវជ្រាវគម្រោងភ្លើងបំភ្លឺលើផ្លូវសំខាន់ៗតាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ និងឈានឆ្ពោះទៅរៀបចំដំឡើងជាផ្លូវការនាពេលឆាប់ៗខាងមុខ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអនុញ្ញាតឲ្យលោកស្រី លី ហ៊ួយឆៀន ប្រធានក្រុមហ៊ុនវីសាន់ឌីវេឡុបម៉ិនអេឡិកទ្រីស៊ីធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាលើកទី២ ជុំវិញរបាយការណ៍សិក្សាស្រាវជ្រាវភ្លើងបំភ្លឺសាធារណៈក្នុងក្រុងពោធិ៍សាត់ កាលពីពេលថ្មីៗនេះនៅសាលបន្ទប់រង់ចាំសាលាខេត្ត។

លោកស្រី លី ហ៊ួយឆៀន ប្រធានក្រុមហ៊ុនវីសាន់ឌីវេឡុបម៉ិនអេឡិកទ្រីស៊ីធី បានថ្លែងថា ក្រុមហ៊ុនរបស់លោកស្រីអាចដំណើរការទៅបាន ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបានការកៀរគរវិនិយោគពីសំណាក់ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

លោកស្រីបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងដំណើរការ សិក្សាស្រាវជ្រាវ អំពីគម្រោងរៀបចំភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងបន្តពង្រីកវិសាលភាពទៅផ្លូវវាងក្រុងបន្ថែមទៀត។ ផ្អែកតាមការសិក្សាស្រាវជ្រាវ ក្រុមការងារបានកំណត់បរិវេណបំភ្លឺបាន ៣៦គីឡូម៉ែត្រ ក្នុងនោះពីកើតទៅលិច «ចាប់ពីរង្វង់មូលផ្តិល ដល់ឧកញ៉ា ឃ្លាំង មឿង ១១គីឡូម៉ែត្រ» និងពីត្បូងទៅជើង «ចាប់ពីស្ពានលលកស ដល់សាលាពោធិ៍កំបោរ ៩,៥គីឡូម៉ែត្រ» ដោយប្រើប្រាស់បង្គោលភ្លើង ៩១៩បង្កោល, អំពូលភ្លើង៩៣៩អំពូល និងទូភ្លើង៤៤ទូ។

លោកស្រីបានឲ្យដឹងដែរថា ផ្លូវសំខាន់ៗក្នុងក្រុងជិត ៧០គីឡូម៉ែត្រ ផ្លូវគ្របដណ្តប់ភ្លើងបំភ្លឺជិត ៣៨គីឡូម៉ែត្រ ផ្លូវដែលមានភ្លើងបំភ្លឺស្រាប់ជាង ៣២គីឡូម៉ែត្រ គិតជាភាគរយអត្រាផ្លូវគ្របដណ្តប់ដោយភ្លើងបំភ្លឺមានតែ ៤៦% ប៉ុណ្ណោះ។

លោក ម៉ៅ ធនិន បានស្នើឲ្យក្រុមហ៊ុនសិក្សាទម្រង់ផ្សេងៗបន្ថែមទៀត មុននឹងឈានដល់ការពិគ្រោះសម្រេច ដោយផ្តោតសំខាន់ពីកំណើនប្រជាពលរដ្ឋ និងផ្លូវដែលពាក់ព័ន្ធនឹងខ្សែក្រវាត់ក្រុង។

ដោយឡែក ផ្លូវវាងក្រុងជាង ៩គីឡូម៉ែត្រ (ផ្លូវជាតិលេខ៥) ក្រុមហ៊ុនក៏ត្រូវសិក្សារួមគ្នាផងដែរ ព្រោះថាផ្លូវជាតិលេខ៥បច្ចុប្បន្ន ចាប់ពីរង្វង់មូលផ្តិលដល់ឧកញ៉ា ឃ្លាំង មឿង ត្រូវកែប្រែទៅជាផ្លូវក្នុងក្រុងវិញ។ លោកនឹងបន្តអភិវឌ្ឍន៍ភ្លើងបំភ្លឺនៅតាមបណ្តាស្រុកជាប់បណ្តាយផ្លូវជាតិលេខ៥ គឺស្រុកក្រគរ និងស្រុកបាកាន ជាពិសេសស្រុកវាលវែង ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ និងខេត្តត្រាតមានច្រកព្រំដែនមួយឈ្មោះថា ច្រកផ្លូវលេខ៥៥ ឬច្រកថ្មដា ដែលកន្លងមកនេះប្រជាពលរដ្ឋខេត្តទាំងពីរ មានទំនាក់ទំនងល្អក្នុងការចេញចូលដោះដូរទំនិញគ្នាទៅវិញទៅមក។

កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានសហការគ្នាដំឡើងបើកច្រកតំបន់នេះជាច្រកអន្តរជាតិ ព្រមទាំងបានស្ថាបនាផ្លូវជាតិលេខ៥៥ រួចរាល់ជាស្ថាពរផងដែរ។ ច្រកថ្មដា ក្នុងមួយសប្ដាហ៍ ទាំងថៃ និងកម្ពុជា បានសម្រេចបើកឲ្យប្រជាពលរដ្ឋចេញចូលតែ ៣ថ្ងៃ ក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសៅរ៍ តែដោយមិនអាចបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទាំងសង្ខាងបានឡើយ។

ភាគីទាំង២ បានឯកភាពសម្រួលបើកច្រកព្រំដែននេះ ឲ្យបានមួយសប្ដាហ៍ ៤ថ្ងៃ គឺថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ពិសេសមន្ត្រីរាជការដែលមានពេលឈប់សម្រាកតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ បានទៅលេងកំសាន្ដតំបន់ទេសចរណ៍នានាក្នុងខេត្តត្រាត និងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា៕