(រតនគិរី)៖ ទេសេរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមដឹកនាំអង្គវេទិកាសាធារណៈជាមួយមន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ដែលបានសហការរៀបចំឡើងដោយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តរតនគិរី និងអាជ្ញាធរស្រុកអូរយ៉ាដាវ ដើម្បីស្តាប់នូវសំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ។

នៅក្នុងអង្គវេទិកានោះ លោកទេសរដ្ឋមន្រ្តីបានណែនាំដល់មន្រ្តីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានត្រឹមត្រូវតាមតួនាទី ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ហើយបំពេញការងារត្រូវមានសីលធម៌ គុណធម៌ និងជីវធម៌វិជ្ជាជីវៈខ្ពស់បំផុត។

លោកបន្តថា មន្រ្តីរាជការទាំងអស់ត្រូវប្រកាន់គោលជំហរ យុត្តិធម៌ ហើយត្រូវយកប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសត្រូវខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ក្រៅពីនេះ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក៏ត្រូវយកចិត្តទុកដាក់ និងប្រើប្រាស់ថវិកាដែលរាជរដ្ឋាភិបាលទម្លាក់ជូនឲ្យបានចំគោលដៅ តាមតម្រូវការនៅមូលដ្ឋាន។

មន្រ្តីរាជការទាំងអស់ត្រូវចុះជាប់ជាមួយប្រជាជន ក្តាប់ឲ្យបាននូវបញ្ហាកង្វល់ដែលប្រជាជនជួបប្រទះ និងធ្វើការដោះស្រាយជូនប្រជាជនឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវចេះអប់រំណែនាំប្រជាជនឲ្យសាមគ្គីគ្នាជាធ្លុងមួយ ស្រឡាញ់ជាតិមាតុភូមិ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងការអភិវឌ្ឍ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត តំណាងមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុកអូរយ៉ាដាវ និងកងកម្លាំងទាំង៣ប្រភេទ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ប្រជាជនតាមមូលដ្ឋានបានទាន់ពេលវេលា៕