(កំពង់ធំ)៖ សភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ សម្រាប់ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ប៊ូជុំ សេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការខេត្តកំពង់ធំ និងកីឡាករជាច្រើននាក់ទៀត។

ព្រឹត្តិការណ៍នេះធ្វើឡើងនារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យកំពង់ធំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការប្រកួតកីឡាមានគោលបំណងបំផុសចលនាបាល់ទាត់ក្នុងស្រទាប់កុមារ និងយុវជន ដើម្បីឱ្យគេចូលរួមវិស័យកីឡាលេងកីឡា សុខភាព ថាមពលគ្រប់គ្រាន់ក្នុងការរៀនសូត្រ និងកាត់បន្ថយភាពអសកម្មក្នុងសង្គម និងគ្រួសារ ជ្រើសរើសកីឡាករមានទេពកោសល្យល្អៗ ដើម្បីចូលរួមក្រុមជម្រើសជាតិ ក្នុងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការ ពិសេសត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការប្រកួតកីឡាករស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ផ្ដល់ឱកាសឲ្យកីឡាករមកពីទីកន្លែងផ្សេងៗ បានជួបគ្នាលេងបាល់ទាត់ជាមួយគ្នា និងបានឃើញអំពីការប្រកួតបាល់ទាត់តាមក្បួនខ្នាតត្រឹមត្រូវ និងយល់ដឹងគោរពគ្នាទៅវិញទៅមកគោរពអាជ្ញាកណ្ដាលដឹកនាំប្រកួតគោរពច្បាប់ជាដើម។

លោក ប៊ូជុំ សេរី បានលើកឡើងថា សហព័ន្ធកីឡាទាត់កម្ពុជាបើកការប្រកួតវិលជុំជម្រុះក្រុមកីឡាករអាយុក្រោម១៦ឆ្នាំ និង១៨ឆ្នាំ ស្របពេលដែលកម្ពុជានឹងធ្វើការជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខ។

គួរបញ្ជាក់ថា ក្នុងពិធីបើកការប្រកួតមុនដំបូងក្រុមយុវជនខេត្តកំពង់ធំម្ចាស់ផ្ទះ ជួបជាមួយក្រុមយុវជនខេត្តកំពង់ចាម លទ្ធផលនៃការប្រកួត ក្រុមយុវជនខេត្តកំពង់ធំ ៣ ក្រុមយុវជនខេត្តកំពង់ចាម ១៕