(ត្បូងឃ្មុំ)៖ ដើម្បីជួយលើវិស័យសុខាភិបាលទូទាំងខេត្តត្បូងឃ្មុំ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ថវិកាជាង ៧៥ម៉ឺនដុល្លារ ដល់មន្ទីរសុខាភិបាលខេត្តខេត្តត្បូងឃ្មុំ សម្រាប់ទិញសម្ភារៈ បរិក្ខារពេទ្យផ្គត់ផ្គង់ ក្នុងការពិនិត្យព្យាបាលបន្ថែមទៀត។

ក្នុងឱកាសចុះពិនិត្យសម្ភារៈ បរិក្ខារពេទ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ពលរដ្ឋ ជាពិសេសតាមរយៈសេវាសុខាភិបាលជូនពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈទូទាំងខេត្តត្បូងឃ្មុំ លោក ជា សុផារ៉ា បានចំណាយថវិកាចំនួន ៧៥៧,៦៩៣ដុល្លារ ក្នុងការទិញសម្ភារៈ បរិក្ខាពេទ្យសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យទាំង៦ នឹងមណ្ឌលសុខភាពចំនួន ៧០ ប៉ុស្តិ៍សុខភាពចំនួន ២ នៃស្រុក/ក្រុងទាំង៧ ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងនាមតំណាងឲ្យមន្ត្រីសុខាភិបាល លោកគ្រូអ្នកគ្រូពេទ្យ និងប្រជាពលរដ្ឋទូទាំងខេត្ត លោក កែវ វណ្ណៈ បានសម្តែងនូវក្តីរីករាយ និងបានចេញនូវលិខិតថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងការចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យសុខាភិបាល បង្កើននូវគុណភាពបច្ចេកទេសទំនើបកម្ម សម្រាប់បម្រើប្រជាពលរដ្ឋនៅនឹងមូលដ្ឋានផ្ទាល់ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់នេះ ជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តដែលស្រលាញ់ និងយកចិត្តទុក្ខដាក់បំផុតចំពោះសុខមាលភាពប្រជាពលរដ្ឋ៕