(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្តរជាតិ (New Gateway International School) បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រ បញ្ចប់ការសិក្សាចំនួន៣កម្រិត ដល់សិស្សានុសិស្សរួមមាន៖ កម្រិតថ្នាក់មតេយ្យកំរិតខ្ពស់, ថ្នាក់ទី៦ និងថ្នាក់មធ្យមសិក្សាបឋមភូមិ។

ការប្រគល់សញ្ញាបត្រនេះ រៀបចំឡើងក្រោមការចូលរួមពីអ្នកឧកញ៉ា ប៊ុន ណារី អគ្គនាយិកា សាលាញូវហ្គេតវ៉េអន្តរជាតិ។ សាលារៀនញូវហ្គេតវ៉េអន្តរជាតិ ប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា ផ្នែកថ្នាក់ភាសាអង់គ្លេស និងភាសាចិនសម្រាប់ថា្នក់មត្តេយ្យកំរិតខ្ពស់ ថ្នាក់ទី៦ ថ្នាក់មធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រខែមប្រិជពីចក្រភពអង់គ្លេស។

អ្នកឧកញ៉ា ប៊ុន ណារី បានឲ្យដឹងថា សាលាញូវហ្គេតវ៉េអន្តរជាតិ ជាសាលារៀនចំណេះទូទៅ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពី ថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ សម្រាប់ថ្នាក់ចំណេះទូទៅខ្មែរ និងដោយស្ថាប័នខែមប្រិជ របស់ចក្រភពអង់គ្លេស (Cambridge International Examinations) សម្រាប់ថ្នាក់ចំណេះទូទៅភាសាអង់គ្លេស ។

អ្នកឧកញ៉ាបន្ដថា បច្ចុប្បន្នសាលារៀនបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្ស ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធខ្ពស់ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុកភាព។ ជាពិសេសសាលារៀនកំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម។

អ្នកឧកញ៉ាបានបញ្ជាក់ថា ការសិក្សារបស់បុត្រធីតាលោក-លោកស្រី នៅសាលាញូវហ្គេតវ៉េអន្តរជាតិ ជាការសិក្សាដែលមានស្តង់ដារអប់រំខ្ពស់ ប្រកបទៅដោយគុណភាពសេចក្តីថ្លៃថ្នូរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងប្រកបទៅដោយគោលដៅច្បាស់លាស់។ សិស្សានុសិស្សមិនគ្រាន់តែសិក្សា តាមសៀវភៅដែលកំណត់តាមកម្មវិធីសិក្សាប៉ុណ្ណោះទេ សិស្សានុសិស្សនឹងទទួលបានចំណេះដឹងថ្មីៗ តាមរយៈការអនុវត្តជាក់ស្តែងនៅក្រៅថ្នាក់ដូចជា ស្រាវជា្រវនៅក្នុងបណ្ណាល័យ អនុវត្តជាក់ស្តែងក្នុងបន្ទប់ពិសោធន៍ និងទស្សនៈកិច្ចសិក្សាជាក្រុមតូចៗតាមកន្លែងមួយចំនួននៅទីក្រុងភ្នំពេញ និងទស្សនៈកិច្ចសិក្សាជាក្រុមធំ ទៅតាមបណ្តាខេត្តមួយចំនួនផងដែរ។

អ្នកឧកញ៉ាបន្ថែមថា លើសពីនេះទៅទៀតសាលាក៏បានបញ្ចូលកម្មវិធី បំណិនជីវិតដូចជាគេហកិច្ច សិល្បៈ តន្ត្រី និងមុខវិជ្ជាកីឡាដូចជាបាលទាត់ បាល់បោះ បាល់ទះ វាយសី និងហែលទឹក។ ការសិក្សានៅសាលាញូវហ្គេតវ៉េអន្តរជាតិ សិស្សានុសិស្សនឹងទទួលបាននូវចំណេះដឹងទូលំទូលាយ ដោយសិក្សា បួនកម្មវិធីក្នុងពេលតែមួយរួមមានកម្មវិធីចំណេះទូទៅភាសាអង់គ្លេស ចំណេះទូទៅខ្មែរ កម្មវិធីភាសាចិន និង វិទ្យាសាស្ត្រកុំព្យូទ័រ។

អ្នកឧកញ៉ាក៏បានបញ្ជាក់ថា ជាការពិតណាស់ សមិទ្ឋិផលទាំងអស់នេះ ដោយសារការប្រឹងប្រែង យកអស់ពីកម្លាំងចិត្តកម្លាំងកាយ ក្នុងការបំពេញភារកិច្ចតាមតួនាទីរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងលោកគ្រូ អ្នកគ្រូទាំងអស់ជាពិសេស ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី សំណាក់លោក លោកស្រី ដែលជាមាតា បិតាអាណាព្យាបាលសិស្ស ដែលតែងតែឆ្លៀតឱកាសដ៏មមាញឹក ក្នុងការចូលរួមរាល់សកម្មភាពរបស់សាលា និងជុំរុញលើកទឹកចិត្តកូនៗក្នុងការសិក្សា៕