(កំពង់ចាម)៖ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំដាក់ម៉ាស៊ីនបូមទឹក ដើម្បីសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋជាង ២០០ហិតា នៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រធានមន្ទីរធនធានទឹកលោក អ៊ុម វិបុល បានប្រាប់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ក្រោយពីបានចុះត្រួតពិនិត្យតំបន់ដែលប្រជាពលរដ្ឋរងគ្រោះ ខ្វះទឹកស្រោចស្រពដំណាំស្រូវ, លោកបានមានវិធានការ និងចាត់មន្ត្រីអង្គភាពមន្ទីរពាក់ព័ន្ធ ដើម្បីរកមធ្យោ បាយសង្គ្រោះបន្ទាន់ដល់ផលដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះខ្វះទឹកស្រោចស្រពនោះ។

លោកបន្តថា ដោយមានការណែនាំពីលោកអភិបាលខេត្ត មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំទីតាំងដោយប្រើ Excavator សម្រួលផ្លូវចុះព្រែក ដើម្បីដាក់ម៉ាស៊ីនកម្លាំង ៦៥សេស ចំនួន១គ្រឿង និងម៉ាស៊ីន២៥សេស ចំនួន០១ គ្រឿង និងស្តារប្រឡាយនាំទឹក ដល់ព្រែកក្រោយភូមិជិត១០០ម៉ែត្រ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងជាង ២០០ហិកតា បានប្រភពទឹកពីព្រែកអាចារ្យសួន៕