(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ៨គ្រួសារ ក្នុងចំណោម៧៧គ្រួសារ ដែលមានដីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ហើយមិនទាន់ទទួលបានដីតាមការបែងចែករបស់អាជ្ញាធរនោះ បានទទូចសុំអាជ្ញាធរជាតិពន្លឿនការបែងចែកដីឡូត៍ជូនពួកខ្លួន និងស្នើសុំឱ្យការបែងចែកដីឡូត៍នេះមានតម្លាភាព។

សូមរំលឹកថាទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានកើតមានជាយូរឆ្នាំមកហើយ។ នៅពេលថ្មីៗនេះអាជ្ញាធរបានសម្រេចពុះបែងចែកដីនៅតំបន់មានវិវាទនេះជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារបានដីទំហំប្រមាណ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ។ តែប្រជាពលរដ្ឋទាំង៨គ្រួសារនេះ មិនព្រមទទួលយកនូវការសម្រេចរបស់អាជ្ញាធរនោះឡើយ ដោយពួកគេអះអាងថា មិនយុត្តិធម៌សម្រាប់ពួកគេ។

ប្រជាពលរដ្ឋ៨គ្រួសារ ដែលមិនព្រមទទួលយកការបែងចែកដីរបស់អាជ្ញាធរ និងស្នើបែងចែកជាថ្មីប្រកបដោយតម្លាភាព និងយុត្តិធម៌នេះ រួមមាន៖ ទី១៖ លោក គង់ ទី, ទី២៖ លោកស្រី ខៃ ណារិន, ទី៣៖ លោក កែម មង្គល, ទី៤៖ លោក ព្រំ បូរ, ទី៥៖ លោក សុខ អៀង តំណាងឱ្យលោក ហួត ឈន, ទី៦៖ លោក អ៉ឹង ព្រូ, ទី៧៖ លោក ឆាយ ដាវី និងទី៨៖ លោក រ័ត្ន កុសល។

ប្រជាពលរដ្ឋទាំង៨គ្រួសារនេះ អះអាងថា ការពុះបែងចែកដីឡូត៍នេះមិនមានតម្លាភាព និងមិនយុត្តិធម៌សម្រាប់ពួកគេ។ មិនយុត្តិធម៌ដោយសារពួកគេខ្លះមានឯកសារកាន់កាប់ដីឡូត៍រហូតដល់ទៅ ២៣ឡូត៍ បែរទទួលដីពីអាជ្ញាធរបែងចែកត្រឹមតែ៥ឡូត៍ និងខ្លះកាន់កាប់រហូតដល់ ១១ឡូត៍ បែរអាជ្ញាធរពុះចែកត្រឹម ៣ឡូត៍ ហើយអ្នកខ្លះទៀតកាន់កាប់៣ឡូត៍ បែរទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរត្រឹមតែ១ឡូត៍ប៉ុណ្ណោះ។

ជាមួយនឹងការមិនព្រមទទួលយកនូវការបែងចែកដីឡូត៍នេះ ប្រជាពលរដ្ឋទាំង៨គ្រួសារនេះ បានធ្វើលិខិតស្នើសុំរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធជាច្រើនរួមទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នៅខែវិច្ឆិកាដដែលនោះ ក៏បានបញ្ជូនសំណើនេះទៅកាន់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដើម្បីពិនិត្យ និងដោះស្រាយផងដែរ។

បើទោះបីសំណុំរឿងនេះត្រូវបានខុទ្ទកាល័យសម្តេចតេជោបញ្ជូនទៅឱ្យរកដំណោះស្រាយយ៉ាងណាក្តី តែរហូតមកដល់ពេលនេះអាជ្ញាធរពាក់ព័ន្ធមិនទាន់បានចេញមកដោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋទាំង៨គ្រួសារនេះនៅឡើយទេ។

ប្រជាពលរដ្ឋទាំង៨គ្រួសារ បានស្នើសុំដោយទទូចដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ និងចាត់ចែងបែងចែកដីឡូត៍ជូនពួកគេឱ្យមានតម្លាភាព និងប្រកបដោយភាពយុត្តិធម៌៕