(ភ្នំពេញ)៖ លោកស្រី ខុន ហុង និងក្រុមគ្រួសារ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានបរិច្ចាគថវិកាចំនួន ២០,០០០,០០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការបង្កើតឡើង និងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ដើម្បីកៀរគរថវិកាបរិច្ចាគ ពីគ្រប់ប្រភពស្របច្បាប់ ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ក្នុងការបន្តផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ជួសមុខឲ្យអាណាព្យាបាលកុមារកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់លោកស្រី ខុន ហុង និងក្រុមគ្រួសារ និងសូមបន្តលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ឲ្យចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា នៅទទួលសមាជិកពីរប្រភេទគឺ ១៖ សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល ឬ៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង២៖ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ ឬ ៦០,០០០រៀលក្នុងមួយឆ្នាំ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមជម្រាបជូនផងដែរថា ក្នុងករណី លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុន មកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើង អាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖

* ធនាគារកាណាឌីយ៉ា
* ធនាគារអេស៊ីលីដា
* ធនាគារ ABA
* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
* ភ្នាក់ងារវេប្រាក់ TrueMoney
* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ ០៦១ ៧០១ ១១១/ ០៩៦ ៧០១ ១១១១ និងគេហទំព័រ www.ckf.org.kh