(ត្បូងឃ្មុំ)៖ ទិវាប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០១៩ នៅខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «ទាំងអស់គ្នាជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺអេដសន៍ និងជំងឺអេដស៍» ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ នៅមន្ទីរបង្អែកក្រុងសួង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវពលរដ្ឋទាំងអស់ កុំរើសអើងអ្នកផ្ទុកមេរោគអេដសន៍ និងរួមគ្នាលុបបំបាត់ការឆ្លងបន្ត។

លោក ជាម ច័ន្ទសោភ័ណ ក៏បានជំរុញការផ្សព្វផ្សាយបន្តទៀតឲ្យមានការយល់ដឹងកាន់តែខ្ពស់ ហើយមិនត្រូវរើសអើងអ្នកផ្ទុក ឬអ្នកកើតមេរោគអេដស៍ឡើយ ត្រូវលើកទឹកចិត្តពួកគាត់ជានិច្ច។

ក្នុងខ្លឹមសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអានដោយលោក គន់ សុភា អភិបាលរងខេត្ត និងសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលអានដោយលោក ជាម ច័ន្ទសោភ័ណ បានផ្តោតសំខាន់ទៅលើ៖ «ឆ្ពោះទៅសម្រេចបាននូវគោលដៅបញ្ឈប់ ការចម្លង មេរោគអេដស៍ ឆ្នាំ២០២០», «ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍» បង្ហាញដល់អ្នកចូលរួមក្នុងឱកាសនោះផងដែរ។

បើតាមលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត បានសហការណ៍គ្នាអនុវត្តយុទ្ធសាស្រ្ត ដែលគាំទ្រដល់ក្រុមឆ្នើម នៅតាមស្រុកប្រតិបត្តិ ដើម្បីឈានទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២០»។

លោកបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្ត តាមរយៈមន្ទីរបង្អែក និងមណ្ឌលសុខភាពតាមបណ្តាក្រុងស្រុកបានខិតខំផ្សព្វផ្សាយ ធ្វើយ៉ាងចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ការឆ្លងមេរោគអេដសន៍ទូទាំងខេត្តត្បូងឃ្មុំ៕