(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា ការអប់រំពីអនាម័យជាប្រចាំ នៅតាមសាលារៀន និងធ្វើឲ្យកុមារមានការផ្លាស់ប្តូរ ទៅរករបៀបរស់នៅ ដែលមានអនាម័យល្អប្រសើរ នៅក្នុងគ្រួសារ។

ថ្លែងក្នុងពិធីប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាអនាម័យនៅតាមគ្រឹះស្ថានសិក្សា ក្រោមប្រធានបទ «ខ្ញុំឆ្លាត ខ្ញុំលាងដៃនិងសាប៊ូ» ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឃិន ញ៉ាណ បានលើកឡើងទៀតថា ដែលករណីនេះ សូមលោកគ្រូ អ្នកគ្រូ មន្ត្រីអប់រំក្រុង ស្រុកនិងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការអប់រំណែនាំពីបញ្ហានេះ ឲ្យមានប្រសិទ្ធិភាព។

លោកអភិបាលរងខេត្តរូបនេះ ក៏បានធ្វើការណែនាំឲ្យមន្ត្រីអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង-ស្រុក និងនាយកសាលាទាំងអស់ បន្តជំរុញបំពាក់សម្ភាររូបវន្តផ្នែក អនាម័យដូចជាបង្គន់ បន្ទប់ទឹក កន្លែងលាងសម្អាតដៃ និងប្រពន្ធ័ទឹកស្អាត ឲ្យបានគ្រប់សាលារៀន និងចាត់តាំងឲ្យសិស្សអនុវត្ត ការលាងសម្អាតដៃនៅគ្រប់វេនសិក្សា។

ជាមួយគ្នានេះដែរ អាណាព្យាបាល ឬមាតាបិតាសិស្ស ក៏ត្រូវចូលរួមជំរុញកូនចៅរបស់ខ្លួន ឲ្យអនុវត្តការលាងសម្អាតដៃនេះ ឲ្យបានគ្រប់ៗគ្នានៅតាមគ្រួសាររបស់ខ្លួនផងដែរ។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ឃិន ញ៉ាណ។

ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ លោកសូមស្វាគមន៍ដោយរីករាយ ចំពោះគ្រប់ដៃគូរអភិវឌ្ឍន៍ អង្កការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមសកម្មភាពលើកកម្ពស់អនាម័យ នៅតាមសាលារៀន ព្រោះការវិនិយោគ ជាមួយវិស័យអប់រំ និងបានផលចំណេញយ៉ាងច្រើន សម្រាប់សង្គមកម្ពុជាទាំងមូល នាពេលបច្ចុប្បន្ន និងអនាគត។

លោក ឃិន ញ៉ាណ សង្ឃឹមថា ការប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងអនាម័យនៅតាមគ្រឹះស្ថានសិក្សានាពេលនេះ ជាការជួយជំរុញបន្ថែមទៀត សម្រាប់ចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ពិសេសកាត់បន្ថយអត្រាមរណភាពកុមារ និងទារកផងដែរ៕