(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចូលរួមធ្វើបទបង្ហាញ និងពិគ្រោះពិភាក្សាផ្តល់ធាតុចូលក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)។

កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការសម្របសម្រួលពីលោក ឯក សំអុល ប្រធានប្ដូរវេនរបស់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

លោក លឹម គានហោ បានធ្វើបទបង្ហាញស្ដីពី ការវិវឌ្ឍរីកចម្រើនលើវិស័យធនធានទឹក និងឧតុនិយមជូនដល់អង្គប្រជុំ។ តាមរយៈបទបង្ហាញនេះ ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងធនធានទឹក និងឧតុនិយម ដែលបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់លើការងារស្រោចស្រព ដើម្បីដោះស្រាយទឹកជូនដល់បងប្អូនប្រជាកសិករ។

បន្ថែមលើសពីនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរដ្ឋមន្ត្រី ដែលបានដឹកនាំក្រុមអ្នកបច្ចេកទេសរបស់ក្រសួង ធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលចងក្រងទិន្នន័យ ទុកជាឯកសារដ៏មានតម្លៃ សម្រាប់ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍរបស់អ្នកជំនាន់ក្រោយ។

បន្ទាប់ពីបទបង្ហាញ ស្ដីពីសមិទ្ធផលការងារ និងការសិក្សាស្រាវជ្រាវរបស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងនូវសំណួរ និងសំណូមពរមួយចំនួន ពិសេសពាក់ព័ន្ធលើការគ្រប់គ្រងធនធានទឹក ការអភិរក្សបឹងបួរ ស្ទឹង ទន្លេ ព្រែក អូរ... ព្រមទាំងបានពាំនាំនូវសំណើរបស់ប្រជាពលរដ្ឋមួយចំនួន ដែលបានស្នើសុំសិទ្ធិកាន់កាប់ដីធ្លី នៅតំបន់អាងទឹកមួយចំនួន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានទទួលយកនៅធាតុចូលនានា ដែលបានលើកឡើងដោយតំណាងគណបក្ស នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរបស់ក្រសួង។ ចំពោះសំណើសុំសិទ្ធិកាន់កាប់ដីធ្លី ដែលមានការជាប់ពាក់ព័ន្ធនឹងអាងទឹកតូចមួយចំនួន រដ្ឋមន្ត្រីធនធានទឹក នឹងលើកយកបញ្ហានេះ ទៅពិនិត្យ ពិភាក្សាជាមួយអភិបាល នៃគណៈអភិបាលខេត្តដែលមានការពាក់ព័ន្ធ។

ចំពោះបញ្ហាការយកប្រាក់ ពីបងប្អូនប្រជាពលរដ្ឋ ដែលចូលទៅកម្សាន្តតាមបណ្ដាប្រព័ន្ធធារាសាស្ត្រនានា លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនថា ក្រសួងធនធានទឹក និងឧតុនិយម ពុំមានការពាក់ព័ន្ធ និងការតម្រូវឲ្យបង់ប្រាក់នេះទេ។ លោករដ្ឋមន្ត្រី នឹងលើកយកបញ្ហានេះ ទៅពិភាក្សាជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីដែលមានការពាក់ព័ន្ធ៕