(ប៉ោយប៉ែត)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ភីភី និង រោងចក្រថ្មីរបស់ក្រុមហ៊ុន ស៊ូមីត្រូនិច មេនញូហ្វេកធើរីង (ខេមបូឌា) ឯ.ក. ដោយមានការចូលរួមពីសំណាក់លោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា, លោក គឹង វណ្ណៈ អភិបាលរងនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

លោក សុខ ចិន្តាសោភា បានអបអរសាទរក្រុមហ៊ុនទាំងពីរ ចំពោះការបើកដំណើរការនាថ្ងៃនេះ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃក្រុមហ៊ុនទាំងពីរដែលបានផ្តល់ការទុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក ដែលការវិនិយោគនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ក៏ដូចជាបង្កើតការងារនៅនឹងកន្លែង ជូនប្រជាពលរដ្ឋកម្ពុជា ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥ -២០២៥ ជាពិសេសចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការពង្រាយរោងចក្រទៅកាន់តំបន់ជាយដែន។

លោកបានបន្ថែមថា នេះជាសក្ខីភាពនៃគោលមាគាដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយក្រុងប៉ោយប៉ែតពីទីលានសមរភូមិ ទៅជាតំបន់ឧស្សាហកម្ម និងជាទីក្រុងមួយ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចខ្ពស់ បរិយាកាសវិនិយោគល្អ និងទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគ ដ៏ទាក់ទាញសម្រាប់វិនិយោគិនជប៉ុន។

លោកជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងចូលរួមចំណែកដល់ការទាក់ទាញការវិនិយោគប្រភេទ «ថៃបូក១» បន្ថែមទៀត។ ឆ្លៀតឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់លោក សុខ ចិន្តាសោភា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាល កម្ពុជាដែលតែងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនជប៉ុន តាមរយៈយន្តការកិច្ច ប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន និងបានស្នើសុំបន្តកិច្ចសហការនេះ ដើម្បីកែលម្អបរិយាកាសវិនិយោគ សំដៅទាក់ទាញការវិនិយោគពីជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការចំនួន ២៣ ដែលមានរោងចក្រចំនួន៤៩០ និងបង្កើតការងារបានចំនួនប្រមាណជាង១៣ម៉ឹនកន្លែង។ ដោយឡែក ក្រុងប៉ោយប៉ែតមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ កន្លែងដែលមានរោងចក្រចំនួន ១៧ និងបង្កើតការងារបានចំនួនប្រមាណ៧.៥០០កន្លែង ក្នុងនោះ រោងចក្រដែលជាការវិនិយោគមកពីប្រទេសជប៉ុនមានចំនួន ៨ និងបង្កើតការងារបានចំនួនប្រមាណជាង ២ពាន់កន្លែង៕