(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នឹងរៀបចំអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាតឱ្យជួបជាមួយប្រតិភូអតីតយុទ្ធជនអាស៊ាន ក្នុងបំណងស្វែងរកការឧបត្ថម្ភមួយចំនួនដល់អតីតយុទ្ធជនកម្ពុជា។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់បែបនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ានដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអះអាងថា ការរៀបចំឱ្យអតីតយុទ្ធជនកម្ពុជា ជួបជាមួយប្រតិភូអតីតយុទ្ធជនអាស៊ាននេះ ដើម្បីបានការជួយឧបត្ថម្ភជាងថវិកា ផ្ទះសម្បែង និងគ្រឿងបរិភោគជាដើម។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី១១ ធ្នូ យើងនឹងរៀបចំអតីតយុទ្ធជនដែលមានការលំបាកខ្លាំងជាងគេ ដើម្បីជួបជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីបំផុសចលនាឧបត្ថម្ភ គាំទ្រចំពោះបងប្អូនអតីតយុទ្ធជនទាំងនោះ មានប្រទេសខ្លះជួយផ្ទះ មានប្រទេសខ្លះជួយថវិកា ខ្លះទៀតជួយស្បៀងអាហារ។ នេះជាការបំផុសចលនាជំហ៊ានទី១ ដែលប្រទេសកម្ពុជា ធ្វើជាប្រធានសហព័ន្ធអតីតយុទ្ធជនអាស៊ាននៅពេលនេះ។ យើងបំផុសចលនា ដើម្បីឱ្យបណ្តាប្រទេសដទៃចូលរួមចំណែកទាំងអស់គ្នា»

ក្រៅពីបង្ហាញនូវការរៀបចំឱ្យអតីតយុទ្ធជនបានជួបជាមួយប្រតិភូអតីតយុទ្ធជនអាស៊ានហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបង្ហាញពីលទ្ធផលមួយចំនួននៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២នាព្រឹកមិញផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា នៅកិច្ចប្រជុំនេះ ប្រទេសនៅក្នុងតំបន់អាស៊ាន បានឯកភាពគ្នាយកចិត្តទុកដាក់ខ្លាំងជាងគេ ទៅលើបញ្ហាសុខមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន នៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីជួយផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងកិច្ចប្រជុំព្រឹកនេះ ថ្នាក់ដឹកនាំអតីតយុទ្ធរបស់បណ្តាប្រទេសអាស៊ាន បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមក ដោយលើកយកការលើកស្ទួយចំពោះជីវភាព ការរៀបចំថែរក្សាទីតាំងប្រវត្តិសាស្ត្រសង្គ្រាមផងដែរ។ ជាក់ស្តែងនៅប្រទេសកម្ពុជា មានទីតាំងនយោបាយឈ្នះ-ឈ្នះ ដែលបានកសាងឱ្យក្លាយជាវិមានមួយដ៏អស្ចារ្យ គឺវិមានឈ្នះ-ឈ្នះ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងដែរថា កម្ពុជានឹងនាំគណៈប្រតិភូអតីតយុទ្ធរបស់បណ្តាប្រទេសអាស៊ាន ទៅទស្សនកិច្ចនៅវិមានឈ្នះ-ឈ្នះ ដើម្បីឱ្យពួកគាត់បានសិក្សាស្វែងយល់ពីអ្វីដែលហៅថា នយោបាយឈ្នះ-ឈ្នះ ក្នុងរយៈពេល២០ឆ្នាំ ពីបាទដៃទទេ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យ។

ក្រៅពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២រួចហើយនោះ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ សហព័ន្ធអតីតយុទ្ធជនអាស៊ាន នឹងរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ផងដែរ។ មហាសន្និបាតនេះ នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ផងដែរថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។

សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។

សហព័ន្ធនេះក៏មានបេសកកម្មផ្សព្វផ្សាយឱ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវ ទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍នៃបណ្ដាប្រទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីតយុទ្ធជនដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។

លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សមាជិក ហើយសហព័ន្ធនឹងពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕