(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរទាំងអស់ រស់នៅដោយសុខសប្បាយ ព្រមទាំងទទួលបានសិទ្ធិគ្រប់បែបយ៉ាង ដែលគាំពារដោយច្បាប់ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ ដែលនាំមកដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការលលើកឡើងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធី «ខ្ញុំធ្វើ ដើម្បីសិទ្ធិមនុស្ស» ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ និងសហការជាមួយ អាឆាកម្ពុជា (OHCHR) នៅស្តាតអូឡាំពិក រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរលោកក៏បានរំលឹកឡើងពីសោកនាដកម្មនៃភ្លើងសង្គ្រាម ដែលធ្វើមនុស្សទាំងអស់បាត់បង់សិទ្ធិគ្រប់បែបយ៉ាង ព្រមទាំងទទួលរងនូវការធ្វើទារុណកម្ម ទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស មនុស្សប្រុស ស្រី ក្មេង ចាស់ ត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។

លោក កែវ រ៉េមី បានបន្តថា ដូច្នេះ សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិចម្បងដំបូងបំផុតនៃសិទ្ធិមនុស្ស សម្រាប់មនុស្សជាតិ ទូទាំងសកលលោក ដូច្នេះ ហើយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា បានប្រកាសយកថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ ធ្វើជាទិវា ស្តីពីស្តី សិទ្ធិមនុស្ស នៅកម្ពុជា បើយើងក្រឡេកមើលពីអតីតកាល គឺរងគ្រោះដោយសារតែភ្លើងសង្គ្រាម ប្រជាជនបាត់បង់សិទ្ធិគ្រប់យ៉ាង ទើបមកសម័យតេជោប្រជាពលរដ្ឋខ្មែរ ទទួលបានសិទ្ធិគ្រប់បែបយ៉ាង។

លោក កែវ រ៉េមី បានបន្ថែមទៀតថា ប្រទេសកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ មានដាវដ៏ពិសិដ្ឋមួយដែលមិនអាចបំភ្លេចបាន គឺសិទ្ធិរស់រានមានជីវិត ដែលជាមូលដ្ឋានគ្រឹះ និងជាសិទ្ធិដំបូងបំផុត ដែលនាំយកមកដោយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលលោកបានខិតខំលះបង់សាច់ស្រស់ ឈាមស្រស់ និងបូជាគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុប្រទេសជាតិ ជាពិសេស គឺទាមទារការគោរពសិទ្ធិមនុស្សតែម្តង៕