(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូបូស៊ីងកម្ពុជា សហការជាមួយមជ្ឈមណ្ឌលកម្សាន្តកុមារ Urban Space នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រទៅដល់សិស្សានុសិស្ស ដែលបានបញ្ចប់វគ្គសិក្សាថ្នាក់ សាងសង់គ្រឿងយន្ត និងសរសេរកូដកម្រិត១ កម្រិត២ កម្រិត៣ និងវគ្គសិក្សាខ្លី (Summer Fun Camp) ដែលមានសិស្សចំនួន ១០០នាក់ មកពីសាលាដៃគូមានដូចជា សាលាអន្តរជាតិ យូ អេស អេ ច្បារអំពៅ យូ អេស អេ ទួលទំពូង និងថ្នាក់ចុងសប្តាហ៍ នៅមជ្ឈមណ្ឌលកំសាន្តកុមារ Urban Space ។

លោក គុយ ប៉ាន់ឆ័យ អគ្គនាយកក្រុមហ៊ុន រ៉ូបូស៊ីងកម្ពុជា បានឱ្យដឹងថា កម្មវិធីសិក្សារ៉ូបូស៊ីងជាកម្មវិធីសិក្សាបែបស្ទែមលំដាប់ពិភពលោកពីសហរដ្ឋអាមេរិក ដែលជាកម្មវិធីសិក្សាថ្នាក់សាងសង់គ្រឿងយន្ត និងសរសេរកូដសំរាប់កុមារដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក គុយ ប៉ាន់ឆ័យ បានឱ្យដឹងទៀតថា បានជាលោកសម្រេចចិត្តនាំយកកម្មវិធីរ៉ូបូស៊ីង ដែលជាកម្មវិធីសិក្សាបែបស្ទែមលំដាប់ពិភពលោក មកពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជានោះ គឺដើម្បីជួយឱ្យសិស្សានុសិស្សកាន់តែមានភាពឆ្លាតវៃក្នុងការរៀនសូត្រតាមបច្ចេកជឿនលឿនដូចប្រទេសដ៏ទៃទៀតផងដែរ ។ លោកក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបណ្តុះស្មារតី និងលើកទឹកចិត្តកុមារកម្ពុជាទាំងអស់ ឲ្យស្រទ្បាញ់វិស័យអប់រំតាមបែបបច្ចេកវិទ្យា និងវិទ្យាសាស្រ្តទំនើបស្ទែមនេះ) ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចជាតិស្របតាមសេដ្ឋកិច្ចបែបឌីជីថល។

គួរជម្រាបថា យោងតាមប្រសាសន៍របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថា «ដើម្បីឲ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល»

សូមជម្រាបថា ថ្នាក់រៀនកម្មវិធីរ៉ូបូស៊ីង បានរៀនចំយ៉ាងទំនើបទាន់សម័យចុងក្រោយបំផុតតាមស្តង់ដារអន្តរជាតិពីសហរដ្ឋអាមេរិក ជាមួយគ្រូជំនាញជនជាតិបរទេស និងបញ្ញវន្តខ្មែរ ដែលទទូលបានការបណ្តុះបណ្តាលផ្ទាល់ ពីក្រុមជំនាញវិស្វកររ៉ូបូស៊ីងសហរដ្ឋអាមេរិក។ ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់ https://www.facebook.com/RoboThinkCambodia/ 070 697 888 / 085 976 777៕