(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធបញ្ហារបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានប្ដឹងទៅសាលាខណ្ឌ ចោទប្រកាន់ក្រុមហ៊ុនផ្ទះល្វែង«អេសិនណា អ៊ិនធើណេសិននល (OCEANA INTERNATIONAL Co.,Ltd) ដែលពួកគាត់ទិញជាង ១០ឆ្នាំមកហើយ មិនទាន់ផ្ទេរកម្មសិទ្ធិជូន ហើយផ្ទះក៏ធ្វើមិនទាន់រួចរាល់។

សេចក្ដីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋ រដ្ឋបាលបានប្រគល់ភារកិច្ចជូនមន្ដ្រីមណ្ឌលសេវាកម្មយុត្តិធម៌ ដែលជាមន្ដ្រីមានជំនាញដោះស្រាយបញ្ហាផ្លូវច្បាប់ និងធ្វើការដោះស្រាយសម្របសម្រួលជូនប្រជាពលរដ្ឋ ប៉ុន្ដែដោយសារបញ្ហានេះ មានការប្ដឹងផ្ដល់រហូតមានដីកាសម្រេចរក្សាការពារ និងដីកាសម្រេចពីតុលាការ រដ្ឋបាលក៏បានណែនាំពលរដ្ឋដាក់ពាក្យបណ្ដឹងទៅស្ថាប័នតុលាការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៨គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋខ្ទង់រយគ្រួសារ បានបន្តរងគ្រោះរហូតមកដល់ពេលនេះ ដោយសារម្ចាស់ក្រុមហ៊ុនផ្ទះល្វែងមួយមានយីហោថា «អេសិនណា អ៊ិនធើណេសិននល (OCEANA INTERNATIONAL Co.,Ltd) មានទីតាំងស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនបានគោរពពាក្យសន្យានៅក្នុងកិច្ច ព្រមព្រៀងទិញ-លក់ផ្ទះជាមួយពួកគាត់ជាអតិថិជន តាំងពីជាង ១០ឆ្នាំមុន ពោលផ្ទះក៏មិនទាន់ធ្វើហើយ និងក៏មិនទាន់បានផ្ទេរបណ្ណកម្មសិទ្ធិជូនពួកគាត់ទៀតផង បើទោះបីពលរដ្ឋខ្លះបានបង់គ្រប់ លុយក៏ដោយនោះ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖