(បាត់ដំបង)៖ មិនត្រឹមតែខាងស៊ីវិលនោះទេ ដើម្បីគាំទ្របាល់ទាត់កម្ពុជា បញ្ជាការដ្ឋានយោធភូមិភាគទី៥ នឹងចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ SEA Games 2019 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាង U22 គោព្រៃកម្ពុជា និងU22 នាគមាសវៀតណាម លើកទី៣០ នៅប្រទេសហ្វីលីពីន នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើផ្ទាំងទូរទស្សន៍ LED ខ្នាតធំ នៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគ ដើម្បីឱ្យនាយទាហាន និងពលទាហានបានទស្សនាពីការប្រកួតនេះ។

ដូច្នេះ ប្រជាពលរដ្ឋខ្មែរ និងនាយទាហាន ពលទាហានទាំងអស់ សូមចូលរួមគាំទ្រទាំងអស់គ្នា នាវេលាម៉ោង៧ ៖០០ល្ងាចនេះ នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ។

ការប្រកួតដ៏កម្រនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកគាំទ្រវៀតណាម ដ្បិតនេះគឺជាលើកដំបូង ដែលក្រុមទាំងពីរបានជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា៣លើកមកហើយ ក្នុងវគ្គជម្រុះតាមពូល នៃព្រឹត្តិការណ៍នេះ ដោយកម្ពុជាបានបរាជ័យទាំង៣ប្រកួត ពោលគឺឆ្នាំ១៩៩៥ ចាញ់ ៤-០, ឆ្នាំ២០០៩ ចាញ់៦-១ និងឆ្នាំ២០១៧ ចាញ់ ៤-១៕