(ភ្នំពេញ)៖ លោកបណ្ឌិត ឈីវ យីស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រធានវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន គឺជាទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី ប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ស្មើភាពគ្នា មានការជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឧត្តមប្រយោជន៍រួម។

ការបញ្ជាក់បែបនេះរបស់ លោកបណ្ឌិត ឈីវ យីស៊ាន បានធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោករួមជាមួយ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក កាវ ផីយ៉ុង អនុប្រធានរាជបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមចិន បានអញ្ជើញបើកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឆ្ពោះ ទៅរកសហគមន៍ដែលមានអនាគតរួមគ្នា យើងរីកចម្រើនទាំងអស់គ្នា នៅខេត្តសៀមរាប។

លោកបណ្ឌិតបានថ្លែងថា ការរីកចម្រើនរបស់ប្រទេសចិន បាននឹងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទៀតផង។ ជាក់ស្តែងក្នុងក្របខណ្ឌតំបន់ប្រទេសចិន បានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បង្កើត «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប ឈ្នះ-ឈ្នះ រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ តាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត ដែលកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។

លោកបណ្ឌិតបានបន្តថា ប្រទេសកម្ពុជា បានប្រកាន់នយោបាយ ចិនតែមួយ យ៉ាងខ្ជាប់ខ្ជូន ខណៈចិន បានគោរពយ៉ាងម៉ឹងម៉ាត់នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។

លោកបណ្ឌិត ឈីវ យីស៊ាន បានបន្ថែមទៀតថា ក្រៅពីក្របខណ្ឌទ្វេរភាគី កម្ពុជា-ចិន បានសហការគ្នា និងបន្តរួមគ្នាសហការគ្នាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដូចជាអាស៊ាន-ចិន មេគង្គ-ឡានឆាង អង្គការ/វេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរ នឹងរួមគ្នាប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល និងលើកកម្ពស់ការបង្កើតទំនាក់ទំនងអន្តរជាតិឈរលើការគោរពគ្នាទៅវិញទៅមក សមធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីកសាងសហគមន៍ដែលមានជោគវាសនារួមសម្រាប់មនុស្សជាតិ។

បើតាមលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ទំនាក់ទំនងប្រទេសកម្ពុជា-ចិន បានឆ្លងកាត់នូវឧបសគ្គ និងបទពិសោធន៍ជាច្រើន ហើយបានធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត ទាំងនយោបាយ សេដ្ឋកិច្ច និងបានក្លាយជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោកបណ្ឌិត គិន ភា បានបន្តថា ក្នុងទិដ្ឋភាពនយោបាយ ប្រទេសទាំងពីរ ជានិច្ចកាលតែងតែឈរលើមូលដ្ឋាន នៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរព គោនយោបាយចិនតែមួយ លើសពីនេះទៅទៀត កម្ពុជាក៏មានទំនាក់ទំនងល្អ ជាមួយប្រទេសចិន ទាំងកម្រិតទ្វេរភាគី និងពហុភាគី ក្នុងក្របខណ្ឌអាស៊ាន ដូចជា៖ អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខណ្ឌឡានឆាង-មេគង្គ។

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសចិន គឺជាអ្នកវិនិយោគបរទេសដ៏ធំជាងគេរបស់កម្ពុជា ជាម្ចាស់ជំនួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ សម្រាប់កម្ពុជា ប្រទេសចិន បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕