(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ការពារសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងពិធីបិទវគ្គបំប៉នវិក្រិត្យការ នាយទាហានជំនាន់ទី៥ ឆ្នាំ២០១៩ នៅវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ថ្លុកតាសេក ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ បានថ្លែងថា បច្ចុប្បន្ន ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់ នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺន ត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រ ការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះភាពស្មោះត្រង់របស់យោធាចារ្យ គណៈគ្រប់គ្រងសាលា និងនាយទាហានទាំងអស់ រួមជាមួយនិស្សិតនាយទាហានដែលកំពុងហ្វឹកហ្វឺន នៅក្នុងវិទ្យាស្ថានដែលក្នុងរយៈកាលកន្លងមកនេះ បើទោះបីមានការឃោសនា បោកប្រាស់ ពីជនក្បត់ជាតិសមរង្ស៊ីយ៉ាងណាក៏ដោយ ក៏មាននាយទាហានរបស់កងយោធពលខេមរភូមិន្ទ ណាម្នាក់បានជឿ និងដើរតាមតាមការជួបបោកប្រាស់ របស់ពួកគេនោះឡើយ។ ផ្ទុយទៅវិញនាយទាហានរបស់យើងគ្រប់រូបបានប្រឆាំងដាច់ខាត ចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលមានបំណងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនាំឱ្យប្រទេសជាតិធ្លាក់ចូលក្នុងគ្រោះមហន្តរាយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា វគ្គបំប៉នវិក្រិត្យការនាយទាហានជំនាន់ទី៥ ដែលយើងកំពុងប្រារព្ធពិធីបិទនាឱកាសនេះ គឺពិតជាបានឆ្លើយតប តាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធ ឱ្យដល់យោធិន យោធាចារ្យ និងធ្វើឱ្យយោធិន យល់កាន់តែច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើជាតិ ដោយស្មោះត្រង់ ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានដាក់ចេញ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមទៀតថា ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏ត្រូវយកចិត្តទុកដាក់ពង្រឹង គុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព ប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព នៅពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់ ឱ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយ របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំវិទ្យាស្ថានទ័ពជើងគោក ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខិតខំតស៊ូអនុវត្តឱ្យបានល្អ និងត្រូវព្យាយាម ប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះ និងពេលវិលត្រឡប់ទៅតាមបណ្ដាកងឯកភាព ឱ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់ លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើ ឱ្យបុព្វហេតុការពារជាតិមាតុភូមិ បានរឹងមាំពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

បើតាមលោកឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន និងឧត្តមសេនីយ៍ទោ អ៊ុក រតនៈ នាយករងវិទ្យាស្ថានទ័ពជើងគោក បានបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យាស្ថានទ័ពជើងគោក បាននឹងកំពុងបន្តដំណើរការបណ្ដុះបណ្ដាល វគ្គនាយទាហានទ័ពជើងគោក ចំនួន ៤ជំនាន់ ដែលរួមមានវគ្គនាយទាហានទ័ពជើងគោក ជំនាន់ទី៨ ដែលកំពុងចុះប្រតិបត្តិការដកពិសោធន៍ការងារ នៅតាមបណ្ដាអង្គភាពទិសជួរមុខ ប្រាសាទព្រះវិហារ និងជំនាន់ទី៩ បានចុះទៅបំពេញកម្មសិក្សាបន្តលើជំនាញឆត្រយោង នៅកងពលតូចទ័ព ពិសេសឆត្រយោងលេខ៩១១ រីឯជំនាន់១០ និងជំនាន់ទី១១ កំពុងបំពេញកម្មសិក្សានៅក្នុងវិទ្យាស្ថាន និងវគ្គបំប៉នវិក្រិតការនាយទាហាន ដែលត្រូវបញ្ចប់វគ្គនៅថ្ងៃនេះ។

ដោយឡែកវគ្គបំប៉នវិក្រិតការលេបទាហានជំនាន់ទី៥ ដែលត្រូវបានបញ្ចប់វគ្គនៅថ្ងៃនេះមានសិក្ខាកាមចូលរៀនសូត្រចំនួន ១៦៧នាក់ ដោយប្រើរយៈពេលសិក្សា៤ខែ លើខ្លឹមសារមេរៀន ចំណេះដឹងអប់រំ គរុកោសល្យ វិន័យទូទៅលក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ចំណេះដឹងយោធា ចំណេះដឹងអន្តរាវុធនិងការងារផ្សេងៗ។ ដែលក្រោយពេលបញ្ចប់វគ្គ សិក្ខាកាមទាំង ១៦៧នាក់ ទទួលបានលទ្ធផលនិទ្ទេសល្អ ណាស់ ២៣នាក់ និទ្ទេសល្អ ១១១នាក់ និទ្ទេសល្អបង្គួរ ២៩នាក់ និងនិទ្ទេសមធ្យមចំនួន ៤នាក់ផងដែរ៕