(សៀមរាប)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្ត្រីគ្រឹះស្ថានអង្គរ និងមន្ត្រីអាជ្ញាធរអប្សរា ចុះពិនិត្យលើកិច្ចប្រតិបត្តិការជាក់ស្តែងធំៗចំនួន៤ របស់គ្រឹះស្ថានអង្គរ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គ្រឹះស្ថានអង្គរ ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីជូនដំណឹងនេះបានឱ្យដឹងទៀតថា នៅក្នុងការចុះពិនិត្យរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពិនិត្យលើ០៤ចំនុចរួមមាន៖

* ទី១៖ ពិនិត្យលើ ទស្សនៈវិស័យនៃការគ្រប់គ្រងតំបន់លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ក្នុងការបំពេញ បន្ថែ ហេដ្ឋារចនាសម្ព័នជូនភ្ញៀវទេសចរអន្តរជាតិ ដែលមកទិញបណ្ណចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងកំណើននៃចំនួនភ្ញៀវទេសចរ អន្តរជាតិ ដូចជាការបង្ហាញពីការស្វាគមន៍ភ្ញៀវទេសចរ, ការបង្ហាញវប្បធម៌ផ្សេងៗរបស់កម្ពុជានៅតំបន់រមណីយដ្ឋានអង្គរ និងការពង្រីកចំណតរថយន្តភ្ញៀវបន្ថែមទៀត នៅលើទីតាំងដីមួយកន្លែងដែលនៅជាប់គ្រឹះស្ថានអង្គរ។

* ទី២៖ ពិនិត្យគម្រោងស្នើសុំរបស់អាជ្ញាធរជាតិអប្សរា ធ្វើចិញ្ចើមផ្លូវដោយប្រើប្រាស់បេតុងនៅក្នុងតំបន់អង្គរទាំងមូល ដើម្បីធានាកុំឱ្យបាក់ចិញ្ចើមផ្លូវ, ថែរក្សាផ្លូវឱ្យមានគុណភាពល្អ និងគង់វង្សបានយូរអង្វែង។

* ទី៣៖ ពិនិត្យស្ថានភាពស្ពានចាស់មួយកន្លែងនៅខាងកើតអង្គរធំ ជិតប្រាសាទតាកែវ ដោយមានសភាពចាស់ទ្រទ្រោមខ្លាំង។ លោកអគ្គបណ្ឌិតសភាចារ្យ បានធ្វើការណែនាំឱ្យធ្វើការជួសជុលឆាប់រហ័ស ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ក្នុងតំបន់អង្គរ ជាពិសេសនៅក្នុងវង់តូច។

* ទី៤៖ ពិនិត្យគម្រោងនៃការធ្វើឱ្យល្អឡើងវិញ នៃការពង្រីកផ្ទៃដីបៃតងនៅមុខតំបន់អង្គរ ដើម្បីធានាមុខតំបន់អង្គរបានស្អាត និងមានរបៀបរៀបរយស័ក្តិសមនឹង បេតិភណ្ឌពិភពលោក ក៏ដូចជាការគោរពបូជាដល់ប្រាសាទអង្គរវត្ត ដោយមើលឃើញតម្រូវការចាំបាច់ខាងសោភណ្ឌភាពនេះ លោកអគ្គបណ្ឌិតសភាចារ្យ បានគាំទ្រចំពោះគំនិតនៃការពង្រីកផ្ទៃដីបៃតង នៅខាងមុខប្រាសាទអង្គរវត្ត៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ៖