(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

នៅក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ចំពោះភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានការរីកចម្រើនគ្រប់វិស័យ ខុសប្លែកខ្លាំងពីពេលដែលលោកជំទាវបានស្គាល់កម្ពុជាដំបូងកាលពីទសវត្សន៍ ឆ្នាំ១៩៩០។

លោកស្រីបានលើកឡើងថារដ្ឋាភិបាលអូស្ត្រាលីរីករាយ ដែលបានចូលរួមក្នុងការងារអភិវឌ្ឍនៅកម្ពុជា និងសន្យាបន្តចូលរួមជាមួយកម្ពុជាជានិច្ច នៅគ្រប់កាលៈទេសៈ និងគ្រប់វិស័យ ជាពិសេសវិស័យសកម្មភាពមីន។ អូស្ត្រាលី បានគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មក ដោយមានទំហំទឹកប្រាក់ជាង១០០លានដុល្លារអូស្រ្តាលី។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់លោកស្រីឯកអគ្គរដ្ឋទូតអូស្រ្តាលី ក្នុងនាមជាមន្រ្តីការទូតជាន់ខ្ពស់របស់អូស្រ្តាលី នៅកម្ពុជា ដោយបានពង្រឹង និងលើកកម្ពស់ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើរ។

ក្នុងនាមសម្តេចតេជានាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានបន្តគាំទ្រកម្ពុជា ក្នុងវិស័យសកម្មភាពមីន និងបានប្តេជ្ញារួមគ្នាជាមួយកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅ កម្ពុជាគ្មានមីន នៅឆ្នាំ២០២៥៕