(ក្រចេះ)៖ កម្លាំងប្រជាការពារភូមិ សហការជាមួយកម្លាំងសហគមន៍នេសាទ នៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលកំពុងធ្វើសកម្មភាពឆក់ត្រី នៅចំនុចអន្លងជ្រោយបន្ទាយ (កណ្ដាលទន្លេ ) ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ម៉ក ពន្លក នាយរងខណ្ឌជលផលបានឲ្យដឹង នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះថា ជនសង្ស័យទី១មានឈ្មោះ រស់ ពេជ្រ ភេទប្រុស អាយុ ២៣ឆ្នាំ ជនសង្ស័យទី២ មានឈ្មោះ រស់ ចាន់រតនា ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង២ រស់នៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ អ្នកទាំងពីរត្រូវបានកម្លាំងឃាត់ខ្លួន ពេលកំពុងធ្វើ សកម្មភាពឆក់ត្រី។

លោក ម៉ក ពន្លក បានឱ្យដឹថទៀតថា នៅក្នុងប្រតិបត្តការនេះ កម្លាំងបានរឹបអូសវត្ថុតាង រួមមាន អាគុយ១គ្រឿង, ក្បាលឆក់១គ្រឿង, កន្រ្ទកដួសត្រី១, ទូកនេសាទ ប្រវែង៦ម៉ែត្រ ចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅខណ្ឌជលផលដើម្បីសួរនាំ និងកសាងសំណុំរឿងទៅតុលាការចាត់ការបន្ត៕