(ភ្នំពេញ)៖ មហាសន្និបាតសមាគមអន្ដរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ផ្ដើមជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ «AIMF ភ្នំពេញ៤០ឆ្នាំក្រោយ»។

ពិធីបើក AIMF លើកទី៣៩ ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីប្រតិភូអន្ដរជាតិ ប្រមាណ៤០ប្រទេស។ ពិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា រាជធានីភ្នំពេញត្រូវបានគណៈកម្មាធិការអអចិន្ត្រៃយ៍របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៩។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា នេះជាឱកាសដ៏មានតម្លៃដែលរាជធានីភ្នំពេញបង្ហាញស្នាដៃ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុងដែលងើបចេញពីវាលពិឃាតប្រល័យពូជសាសន៍រហូត មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

គួរជម្រាបថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែរាជធានីភ្នំពេញមួយគត់ ដែលជាសមាជិក សមាគម អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលមានផលប្រយោជន៍ ដើម្បីបង្ហាញទៅដល់ទីក្រុង ២៩៤ទីក្រុង ពីភាពរឹងមាំ ពីសក្តានុពលជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ បេតិកភណ្ឌពិភពលោក៕