(ម៉ានីល)៖ ក្រោយទទួលបានដំណឹងពីអាជ្ញាធរហ្វីលីពីន អំពីការគម្រាមកំហែងដោយខ្យល់ព្យុះទីហ្វុងឈ្មោះ Kammuri លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្មបានប្រាប់អត្តពលិកកម្ពុជាទាំងអស់ ដែលកំពុងបំពេញបេសកកម្មប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះនឹងមានព្យុះភ្លៀងខ្លាំងសំដៅទៅទីក្រុងម៉ានីល និងទីក្រុង Clark នាព្រឹកស្អែក។

លោក វ៉ាត់ ចំរើន បានឲ្យដឹនៅល្ងាចថ្ងៃច័ន្ទនេះថា តាមការជូនដំណឹងរបស់ម្ចាស់ផ្ទះ ប្រភេទកីឡាមួយចំនួននឹងត្រូវលើកពេលប្រកួត ព្រោះនឹងមានព្យុះភ្លៀងខ្លាំង ធ្វើដំណើរទៅទីក្រុងម៉ានីល និងទីក្រុង Clark នៅវេលាម៉ោងប្រមាណ ១០ព្រឹកស្អែកនេះ ។ ដូច្នេះលោកបានអំពាវនាវដល់ប្រតិភូ និងអត្តពលិកទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការធ្វើដំណើរចេញក្រោយ ឬជ្រកក្រោមដើមឈើរ ។ ចំណែកកម្មវិធីប្រកួតរបស់កីឡាខ្លះ ក៏អាចនឹងមានការប្រែប្រួលផងដែរ ។

បើយោងតាមការព្យាករណ៍របស់អាជ្ញាធរហ្វីលីពីន ព្យុះទីហ្វុង Kammuri នឹងត្រូវឆ្លងកាត់រដ្ឋធានីម៉ានីលរបស់ហ្វីលីពីន ដែលជាកន្លែងកំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ និងមានអត្តពលិកមកពីគ្រប់ប្រទេសសមាជិកអាស៊ានចូលរួម ។ អាជ្ញាធរទប់ស្កាត់គ្រោះមហន្តរាយហ្វីលីពីនសង្ឃឹមថា វានឹងពុំបង្កការបំផ្លិចបំផ្លាញធំដុំអ្វី ប៉ុន្តែបើតាមការស្ទង់មើលកម្លាំងរបស់ព្យុះនោះ គឺប្រហែលមិនអាចទៅរួចឡើយ។ រីឯទីភ្នាក់ងារឧតុនិយមហ្វីលីពីន ក៏បានអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០២ ខែធ្នូនេះ កម្ពុជាមានអត្តពលិកជិត ២០ប្រភេទកីឡាហើយ ដែលស្ថិតនៅប្រទេសហ្វីលីពីន ដើម្បីបំពេញបេសកកម្មប្រកួតកីឡាស៊ីហ្គេម ខណៈអត្តពលិកកីឡាជាង ១០ប្រភេទទៀត នឹងបន្ដចេញដំណើរក្នុងពេលឆាប់ៗ សរុបគឺមាន ៣១ប្រភេទកីឡា ។ ក្រឡេកមកចាប់អារម្មណ៍លទ្ធផលបណ្ដោះអាសន្នពេលនេះវិញ កម្ពុជាដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស ១, ប្រាក់ ៣ និងសំរឹទ្ធ ១៣ គ្រាដែលម្ចាស់ផ្ទះហ្វីលីពីន ដែលរក្សាកំពូលតារាង ដោយឈ្នះមេដាយមាស ៣៨, ប្រាក់ ២០ និងសំរឹទ្ធ ១៣៕