(ភ្នំពេញ)៖ គម្រោងវិនិយោគបើករោងចក្រផលិតកាបូប និងសម្លៀកបំពាក់ថ្មីចំនួន៣ទៀត សរុបទុនវិនិយោគជិត១០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ។

Facebook របស់ CDC បានចុះផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកានេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,២៤៤នាក់។

២៖ ក្រុមហ៊ុន GD NEW SKY LEATHER PRODUCTS CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០៦នាក់។

៣៖ ក្រុមហ៊ុន TAO AND KIVEN GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៩៨នាក់៕